សហភាពអឺរ៉ុប ប្រកាសពន្យារពេលដាក់ចេញពន្ធសងសឹកលើអាមេរិក រយ:ពេល ៩០ថ្ងៃ

អន្តរជាតិ

មួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសពីការពន្យារពេលក្នុងការដាក់ចេញវិធានការដំឡើងពន្ធគយទៅវិញទៅមក សហភាពអឺរ៉ុបឯណោះវិញ ក៏បានធ្វើការសម្រេចចិត្តស្រដៀងគ្នានេះផងដែរ ជាមួយនឹងការផ្អាកដាក់ចេញពន្ធគយសងសឹកទៅលើសហរដ្ឋអាមេរិក ដែលទើបតែត្រូវបានអនុម័តកាលពីថ្ងៃទី៩ ខែមេសាកន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។ ​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី១០ ខែមេសា ប្រធានគណ:កម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen បាននិយាយថា សហភាពអឺរ៉ុប (EU) នឹងពន្យារពេលដាក់ពន្ធសងសឹកប្រឆាំងនឹងសហរដ្ឋអាមេរិក សម្រាប់រយៈពេល ៩០ថ្ងៃ។ សេចក្តីប្រកាសនេះបានធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិក បានសម្រេចចិត្តពន្យារពេលការដាក់ចេញពន្ធខ្ពស់ទៅវិញទៅមក លើដៃគូពាណិជ្ជកម្មសំខាន់ៗរាប់សិប។

លោក von der Leyen បាននិយាយទៀតថា ៖”យើងបានឃើញពីការប្រកាសរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ហើយយើងចង់ចរចា”។ ហើយប្រសិនបើការចរចាមិនដំណើរការដូចការគ្រោងទុកទេនោះ វិធានការពន្ធគយសងសឹករបស់ប្លុកអឺរ៉ុបប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នឹងនៅតែត្រូវចូលជាធរមាន។

មិនតែប៉ុណ្ណោះ ប្រធាន EC រូបនេះបាននិយាយបន្ថែមទៀតថា ៖”ការរៀបចំសម្រាប់ការការដាក់ពន្ធគយសងសឹកបន្ថែមទៀតនឹងនៅតែត្រូវបន្ត។ ដូចដែលខ្ញុំធ្លាប់បាននិយាយពីមុនអ៊ីចឹង ជម្រើសនៃការចរចាទាំងអស់គឺបើកចំហ” ។

ជម្រាបជូនថា កាលពីថ្ងៃទី៩ ខែមេសា សហភាពអឺរ៉ុប (EU) បានបោះឆ្នោតអនុម័តវិធានការពន្ធគយសងសឹកប្រឆាំងនឹងការដំឡើងពន្ធដែក និងអាលុយមីញ៉ូមរបស់សហរដ្ឋអាមេរិក។ នេះក៏ជាការឆ្លើយតបដំបូងហើយរបស់ប្លុកនេះ ចំពោះទីក្រុងវ៉ាស៊ីនតោនផងដែរ។ យោងតាមផែនការនេះ គណៈកម្មការអឺរ៉ុប (EC) នឹងចាប់ផ្តើមប្រមូលពន្ធនាំចូល ២៥% លើផលិតផលជាបន្តបន្ទាប់ដែលនាំចូលពីសហរដ្ឋអាមេរិក ដែលនឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី១៥ ខែមេសា។ គោលនយោបាយនេះគឺឆ្លើយតបទៅនឹងពន្ធគយនាំចូលដែកថែប និងអាលុយមីញ៉ូមរបស់សហរដ្ឋអាមេរិក ដែលបានប្រកាសដាក់ចេញនៅថ្ងៃទី១២ ខែមីនាកន្លងទៅ៕