ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ប្រទេសរបស់លោក បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការចំណាយទឹកប្រាក់រាប់សិបពាន់លានដុល្លារ ដើម្បីទិញសព្វាវុធពីអាមេរិក ដែលពីមុនទទួលបានវាដោយឥតគិតថ្លៃ នៅក្រោមកម្មវិធីផ្តល់ជំនួយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Kyiv Independent។
លោកប្រធានាធិបតី Zelensky បាននិយាយប្រាប់ទៅកាន់អ្នកយកព័ត៌មាន កាលពីថ្ងៃទី៩ ខែមេសាថា ៖”យើងមិនស្នើសុំឲ្យសហរដ្ឋអាមេរិកផ្តល់កញ្ចប់ជំនួយថ្មីៗ ដោយឥតគិតថ្លៃនោះទេ ហើយនឹងមិនចាត់ទុកថានេះ ជាការធានាសុវត្ថិភាពដល់យើងទៀតដែរ”។
លោក Zelensky បានសង្កត់ធ្ងន់ទៀតថា ប្រទេសរបស់ខ្លួន បានត្រៀមរួចជាស្រេចហើយដើម្បីស្វែងរកធនធានហិរញ្ញវត្ថុចាំបាច់ ដើម្បីទិញកញ្ចប់ជំនួយទាំងនេះវិញ។ លោកថែមទាំងមានប្រសាសន៍ទៀតថា ៖“យើងអាចប្រើប្រាស់ទម្រង់ និងឧបករណ៍ផ្សេងៗជាច្រើន ហើយបានត្រៀមរួចរាល់ក្នុងការស្វែងរកកញ្ចប់ថវិកា ៣០ ឬក៏អាចដល់ ៥០ពាន់លានដុល្លារ សម្រាប់កញ្ចប់ជំនួយនោះ”។
គួរឲ្យដឹងផងដែរថា រដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ បច្ចុប្បន្ននេះ ហាក់មិនទាន់បានប្រកាសអំពីការបញ្ចេញកញ្ចប់ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែនទៀតនៅឡើយទេ បើទោះបីជារដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នៅតែបន្តផ្តល់អាវុធ និងសម្ភារៈដល់ក្រុងគៀវ ក្រោមកិច្ចសន្យាដែលធ្វើឡើងអំឡុងដឹកនាំដោយអតីតប្រធានាធិបតី លោក ចូ បៃដិន ក៏ដោយ។
ជម្រាបជូនថា ថ្មីៗនេះ លោក ត្រាំ បានបង្កើនសម្ពាធយ៉ាងខ្លាំងលើអ៊ុយក្រែនឲ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែជាមួយសហរដ្ឋអាមេរិក ដែលលោកមើលឃើញថាជាសំណងសម្រាប់ការគាំទ្ររបស់សហរដ្ឋអាមេរិក លើអ៊ុយក្រែនក្នុងអំឡុងពេលជម្លោះជាពេលកន្លងមក ក៏ដូចជាការធានាដល់ការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់ប្រទេសអ៊ុយក្រែននាពេលអនាគត ផងដែរ៕