ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅពេលថ្មីៗនេះថា រដ្ឋបាលរបស់លោក បានសម្រេចលើកពន្ធទៅវិញទៅមក លើគ្រឿងអេឡិចត្រូនិកសំខាន់ៗជាច្រើន ដូចជាស្មាតហ្វូន កុំព្យូទ័រយួរដៃ បន្ទះឈីបអង្គចងចាំ និងសមាសធាតុផ្សេងទៀត ជាពិសេសលើការនាំចូលពីប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។
ជុំវិញការលើកលែងនេះ ត្រូវបានធ្វើឡើងដោយផ្នែកតាមការណែនាំថ្មីពីភ្នាក់ងារគយ និងការពារព្រំដែនសហរដ្ឋអាមេរិក (CBP)។ ដូច្នេះមានន័យថា ទំនិញអេឡិចត្រូនិកសំខាន់ៗដូចដែលបានរៀបចំនៅលើ នឹងអាចចៀសផុតពីរនាំងពន្ធគយ ១៤៥% ដែលអនុវត្តចំពោះទំនិញទាំងអស់ពីប្រទេសចិន និងពន្ធគយ ១០% សម្រាប់ប្រទេសផ្សេងទៀត។
យ៉ាងណាមិញ ដោយបន្ថែមពីលើឧបករណ៍អេឡិចត្រូនិកដូចជា ស្មាតហ្វូន កុំព្យូទ័រយួរដៃ Hard Drives, និងកាតអង្គចងចាំ រដ្ឋបាលរបស់លោក ត្រាំ ក៏លើកលែងពន្ធទៅវិញទៅមក លើគ្រឿងម៉ាស៊ីនដែលប្រើសម្រាប់ផលិតឧបករណ៍អេឡិចត្រូនិក សារធាតុផលិតបន្ទះឈីប semiconductors និងសូឡា ផងដែរ។
យោងតាម CNBC បានបង្ហាញឲ្យដឹងទៀតថា ទំនិញទាំងនេះអាចនឹងត្រូវដាក់ពន្ធបន្ថែមនាពេលអនាគត ប៉ុន្តែយ៉ាងណាក៏ដោយ វានឹងនៅតែមានកម្រិតជាទាបជាងពន្ធគយសរុប ១៤៥% ដែលលោក ត្រាម កំពុងអនុវត្តចំពោះប្រទេសចិន។ ជុំវិញវិធានាការលើកលែងពន្ធទៅវិញទៅមកថ្មីចុងក្រោយនេះ ត្រូវបានគេមើលឃើញថា ជាសញ្ញាវិជ្ជមានសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សដូចជា Apple ដែលកំពុងផលិតច្រើនជាង ៨០% នៃផលិតផលរបស់ខ្លួននៅក្នុងប្រទេសចិន។ កាលពីសប្តាហ៍មុន តម្លៃមូលធនទីផ្សាររបស់ Apple បានខាតបង់ដល់ទៅ ៦៤០ពាន់លានដុល្លារ ដោយសារពន្ធគយថ្មីរបស់លោក ត្រាំ។
ជម្រាបជូនថា កាលពីបីថ្ងៃមុន លោក ដូណាល់ ត្រាំ បានប្រកាសផ្អាករយៈពេល ៩០ថ្ងៃលើការយកពន្ធទៅវិញទៅមក ជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗរាប់សិប ដោយកាត់បន្ថយអត្រាពន្ធជាបណ្តោះអាសន្នមកត្រឹម ១០% ។ ទោះជាយ៉ាងណាក៏ដោយ គ្មានការលើកលែងណាមួយចំពោះចិននោះឡើយ ដោយអត្រាពន្ធត្រូវបានដំឡើងជាបន្តបន្ទាប់ ចាប់ពី ៨៤% រហូតដល់ ១២៥%។ ដូច្នេះ ពន្ធសរុបដែលទំនិញចិនត្រូវទទួលរងគ្រោះ ក្នុងអំឡុងពេលអាណត្តិទីពីររបស់លោក ត្រាំ នេះ គឺមានចំនួនសរុប ១៤៥%៕