លោក ត្រាំ ថាមែនទែនទៅលោកមិនសូវជាត្រូវការ Elon Musk ឲ្យនៅក្នុងជួររដ្ឋាភិបាលប៉ុន្មានទេ

អន្តរជាតិ

ប្រធានាធិបតីលោក ដូណាល់ ត្រាំ បាននិយាយថា លោកហាក់ដូចជាមិនសូវត្រូវការលោក Elon Musk ឲ្យនៅក្នុងជួររដ្ឋបាលរបស់លោកប៉ុន្មាននោះទេ ប៉ុន្តែបានបញ្ជាក់ថាលោក ស្រលាញ់ចូលចិត្តមហាសេដ្ឋីរូបនេះខ្លាំងណាស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Business Insider។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅសេតវិមាន កាលពីថ្ងៃទី១០ ខែមេសាថា ៖”Elon Musk បានធ្វើការងារដ៏អស្ចារ្យមួយ។ មើលចុះ គាត់កំពុងអង្គុយនៅទីនេះ ហើយនោះមិនមែនជាអ្វីដែលខ្ញុំចាប់អារម្មណ៍នោះទេ។ ខ្ញុំហាក់ដូចជាមិនសូវត្រូវការ Elon Musk សម្រាប់ហេតុផលណាមួយ ក្រៅតែពីខ្ញុំស្រលាញ់ចូលចិត្តគាត់នោះឡើយ” ។

បន្ថែមពីនេះ លោក ត្រាំ ក៏បាននិយាយដល់រឿងទិញរថយន្តរបស់ក្រុមហ៊ុន Tesla ដើម្បីជាការបង្ហាញពីការគាំទ្រដល់មហាសេដ្ឋី លោក Musk បើទោះបីជាលោកមិនត្រូវការជិះរថយន្តដោយខ្លួនឯកផ្ទាល់ និងមិនត្រូវការការបញ្ចុះតម្លៃក៏ដោយ។

មិនតែប៉ុណ្ណោះ ប្រធានាធិបតី​អាមេរិក​រូបនេះ បាន​បន្ត​អះអាង​ថា Elon Musk បាន​ធ្វើ​ការងារ​ដ៏​អស្ចារ្យ ប៉ុន្តែ​​ត្រូវ​បាន​គេ​គេមើលរំលង។ មហាសេដ្ឋីអាមេរិករូបនេះ ត្រូវបានតែងតាំងដោយលោក ត្រាំ ជាបុគ្គលិករដ្ឋាភិបាលពិសេស និងបានទទួលបន្ទុកដឹកនាំការិយាល័យប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ក្នុងកិច្ចការកែទម្រង់ និងសម្រួលប្រព័ន្ធរបស់រដ្ឋាភិបាល។

ជម្រាបជូនថា DOGE គ្រោងនឹងដំណើរការរហូតដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ប៉ុន្តែទោះយ៉ាងណាក៏ដោយ មានសញ្ញាថាអង្គភាពនេះហាក់ជិតផុតអាណត្តិហើយ ស្របពេលលោក ត្រាំក៏បានបញ្ជាក់ផងដែរថា លោក Musk និងត្រូវចាកចេញពីតំណែងជាប្រធានអង្គភាពនេះ ក្នុងពេលឆាប់ៗខាងមុខ ដោយបុគ្គលិក DOGE ក៏នឹងត្រូវបានផ្ទេរទៅកាន់ទីភ្នាក់ងារសហព័ន្ធផ្សេងៗ ទៀតផងដែរ៕