យោងតាមសេតវិមាន បានឲ្យដឹងនៅពេលថ្មីៗនេះថា ទំនិញរបស់ចិនមួយចំនួនដែលនាំចូលមកកាន់ទឹកដីសហរដ្ឋអាមេរិក អាចនឹងប្រឈមមុខទៅនឹងការជាប់ពន្ធគយសរុបរហូតដល់ទៅ ២៤៥% ដោយសារតែសកម្មភាពសងសឹករបស់ចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន
China Daily។
បច្ចុប្បន្នសហរដ្ឋអាមេរិកកំពុងយកពន្ធគយទៅលើប្រទេសចិន ដូចជាពន្ធគយទៅវិញទៅមក ១២៥% ពន្ធគយ ២០% ដើម្បីឆ្លើយតបទៅនឹងវិបត្តិគ្រឿងញៀន fentanyl និងរួមទាំងពន្ធគយផ្សេងៗទៀតទៅលើផលិតផលជាក់លាក់ដែលមានចាប់ពី ៧,៥% ទៅដល់ ១០០% ។
ជុំវិញការយកពន្ធគយខាងលើនេះ បានធ្វើឲ្យពន្ធសរុបរបស់សហរដ្ឋអាមេរិក ដែលដាក់ទៅលើទៅលើទំនិញរបស់ចិន កើនឡើងដល់ ១៤៥% ខណ:ពេលដែលរដ្ឋាភិបាលទីក្រុងប៉េកាំង ក៏បានដាក់ពន្ធសងសឹក ១២៥% លើទំនិញរបស់អាមេរិកវិញ កាលពីថ្ងៃទី១២ ខែមេសា និងរួមទាំងការរឹតបន្តឹងការនាំចេញរ៉ែជាយុទ្ធសាស្ត្រ ផងដែរ។
ប៉ុន្តែទោះជាយ៉ាងណា៏ដោយ ក្រសួងពាណិជ្ជកម្មចិន ក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិក បានដាក់ពន្ធបន្ថែមទៀតរហូតដល់ ២៤៥% ឯណោះលើការនាំចេញទំនិញមួយចំនួនរបស់ខ្លួន។ ក្រសួង បានសង្កត់ធ្ងន់ទៀតថា ៖”ប្រទេសចិនបានបញ្ជាក់ម្តងហើយម្តងទៀតនូវការប្រឆាំងរបស់ខ្លួន ចំពោះការដំឡើងពន្ធដោយឯកតោភាគីរបស់សហរដ្ឋអាមេរិក។ ប្រទេសចិននឹងមិនរំខានដោយការល្បែងតួលេខគ្មានន័យនេះនោះទេ”។ ហើយថែមទាំងបានព្រមានថា ខ្លួននឹងចាត់វិធានការតបតវិញ ប្រសិនបើសហរដ្ឋអាមេរិកបន្តធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ខ្លួន។
បើយោងតាមសេតវិមាន បានបង្ហាញឲ្យដឹងថា ប្រទេសប្រមាណជាង ៧៥ ហើយ ដែលបានទាក់ទងសហរដ្ឋអាមេរិកដើម្បីចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ។ ដូច្នេះ វិធានការពន្ធទៅវិញទៅ ត្រូវបានទម្លាក់មកនៅត្រឹម ១០% ជាបណ្តោះអាសន្នសិនក្នុងអំឡុងពេលនៃដំណើរការចរចា លើកលែងតែប្រទេសចិនមួយប៉ុណ្ណោះ ដែលបន្តជាប់ពន្ធគយខ្ពស់ដដែល៕