ប្រទេសកូរ៉េខាងត្បូង កាលពីពេលថ្មីៗនេះ បានព្យាយាមបង្កើនគោលនយោបាយគាំទ្ររបស់ខ្លួន សម្រាប់ឧស្សាហកម្មបន្ទះឈីបនៅក្នុងស្រុក ដើម្បីកាត់បន្ថយផលប៉ះពាល់នៃពន្ធនាំចូលរបស់សហរដ្ឋអាមេរិក និងការប្រកួតប្រជែងពីសំណាក់ប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
យោងតាមក្រុមមន្ត្រីកូរ៉េខាងត្បូង បានប្រកាសកាលពីថ្ងៃទី១៥ ខែមេសាថា ពួកគេនឹងបង្កើនទំហំកញ្ចប់ថវិកាគាំទ្រឧស្សាហកម្មបន្ទះឈីប semiconductor របស់ប្រទេសខ្លួន ដល់ ៣៣ទ្រីលានវ៉ុន (២៣,២ពាន់លានដុល្លារ) ពោលគឺបានកើនឡើងពីចំនួន ២៦ទ្រីលានវ៉ុនដែលបានប្រកាសកាលពីឆ្នាំមុន។
ជុំវិញចំណាត់ការនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលបានទទួលការអំពាវនាវឲ្យមានការដាក់ចេញវិធានការឆ្លើយតប ចំពេលដែលគោលនយោបាយមិនច្បាស់លាស់ក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីសំណាក់ប្រទេសចិន។
គួរឲ្យដឹងថា កូរ៉េខាងត្បូង គឺជាបណ្តុំនៃក្រុមហ៊ុនផលិតបន្ទះឈីបកំពូលៗមួយចំនួនរបស់ពិភពលោក រួមទាំងក្រុមហ៊ុន Samsung Electronics និង SK Hyunix ផងដែរ។ ប៉ុន្តែថ្មីៗនេះក្រុមហ៊ុនទាំងនោះ ហាក់បានមើលឃើញពីការថមថយនៃសមត្ថភាពរបស់ខ្លួន បើធៀបទៅនឹងគូប្រជែងក្នុងវិស័យដូចជាការរចនាបន្ទះឈីប និងការផលិតតាមកិច្ចសន្យាជាដើម។
ជម្រាបជូនថា បន្ទះឈីប Semiconductor គឺជាឧស្សាហកម្មដ៏សំខាន់សម្រាប់ប្រទេសកូរ៉េខាងត្បូង។ កាលពីឆ្នាំមុន ប្រទេសនេះបាននាំចេញឧបករណ៍អេឡិចត្រូនិកតម្លៃជិត ១៤២ពាន់លានដុល្លារ ដែលស្មើនឹង ២១% នៃចំនួនសរុបរបស់ប្រទេស។ ក្នុងនោះ ការនាំចេញទៅប្រទេសចិន មានចំនួន ៤៦,៦ពាន់លានដុល្លារ និងសហរដ្ឋអាមេរិកមាន ចំនួន ១០,៧ពាន់លានដុល្លារ៕