លោក Zelensky កំពុងទទូចឲ្យលោក ត្រាំ​ ធ្វើដំណើរមកបំពេញទស្សនកិច្ចនៅអ៊ុយក្រែន

អន្តរជាតិ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Volodymyr Zelensky កាលពីពេលថ្មីៗនេះ​បានអញ្ជើញប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្វើដំណើរមកបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ដើម្បីស្វែងយល់ពីស្ថានភាពមុនពេលធ្វើការសម្រេចចិត្តទាក់ទងទៅនឹងសង្គ្រាមរវាងប្រទេសនេះ និងរុស្ស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយថ្លែងប្រាប់ទៅកាន់ CBS News លោក Zelensky បាននិយាយថា ៖” យើងចង់ឲ្យលោក ត្រាំ មកទីនេះដើម្បីមើលឃើញដោយផ្ទាល់។ គាត់គិតថាគាត់យល់ពីអ្វីដែលកំពុងកើតឡើង។ យើងមានការគោរពចំពោះទស្សនៈនេះ។ ប៉ុន្តែមុនពេលធ្វើការសម្រេចចិត្តណាមួយ ឬការចរចាណាមួយសូមមកមើលស្ថានភាពនៅទីនេះដោយផ្ទាល់សិន” ។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានបន្ថែមទៀតថា៖ “យើងនឹងមិនរៀបចំអ្វីទុកជាមុនទេ។ វាមិនដូចជារោងកុនដែលតម្រូវឲ្យមានការរៀបចំតួសម្តែងនៅតាមដងផ្លូវ និងកណ្តាលទីក្រុងនោះទេ។ យើងមិនធ្វើដូច្នេះទេ។ គាត់អាចធ្វើដំណើរទៅគ្រប់ទីកន្លែងដែលគាត់ចង់ទៅ ទីក្រុងណាមួយក៏បាន ដែលត្រូវបានរងការវាយប្រហារ”។

ជម្រាបជូនផងដែរថា ការអំពាវនាវរបស់លោក Zelensky ដើម្បីឲ្យមានការធ្វើដំណើរទស្សនកិច្ចរបស់លោក ត្រាំ នេះ បានកើតឡើង បន្ទាប់ពីមេដឹកនាំអ៊ុយក្រែន និងប្រធានាធិបតីលោក ត្រាំ រួមជាមួយអនុប្រធានាធិបតី លោក JD Vance បានទាស់ទែសម្តីគ្នា យ៉ាងក្តៅគគុកនៅចំពោះមុខអ្នកសារព័ត៌មានជាច្រើន នៅឯសេតវិមានកាលពីខែកុម្ភៈ នៅពេលដែលលោក Vance បានចោទប្រកាន់លោក Zelensky ថាបានរៀបចំដំណើរទស្សនកិច្ចបែបឃោសនា សម្រាប់មេដឹកនាំបរទេស ដើម្បីទទួលបានការគាំទ្រលើអ៊ុយក្រែន៕