ចិន ថាខ្លួននឹងមិនខ្វល់ជាមួយហ្គេមតួលេខពន្ធគយខ្ពស់របស់អាមេរិកនោះឡើយ

អន្តរជាតិ

ក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសាថា ប្រទេសរបស់ខ្លួននឹងមិនខ្វល់ខ្វាយនោះឡើយ ប្រសិនបើសហរដ្ឋអាមេរិក បន្តលេងហ្គេមតួលេខពន្ធខ្ពស់ៗរបស់ពួកគេ បន្ទាប់ពីសេតវិមានសេតបានចេញការបញ្ជាក់អំពីរបៀបដែលប្រទេសចិន នឹងអាចប្រឈមមុខជាមួយការជាប់ពន្ធគយខ្ពស់បន្ថែមទៀត រហូតដល់ ២៤៥%។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសេចក្តីប្រកាសមួយ កាលពីថ្ងៃអង្គារ សេតវិមាន បាននិយាយថា កាតព្វកិច្ចបង់ពន្ធសរុបរបស់ប្រទេសចិនអាចនឹងកើនឡើងដល់ ២៤៥% ដោយបូករួមជាមួយនឹងវិធានការពន្ធគយទៅវិញទៅមក ១២៥% , ពន្ធ ២០% ដើម្បីស្រាយវិបត្តិគ្រឿងញៀន Fentanyl និងពន្ធចន្លោះពី ៧,៥% ទៅ ១០០%​ លើទំនិញជាក់លាក់មួយចំនួន​ ដើម្បីដោះស្រាយការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌ ផងដែរ។

ជុំវិញការបន្តដំឡើងពន្ធរបស់សហរដ្ឋអាមេរិនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីរដ្ឋាភិបានទីក្រុងប៉េកាំងបានសម្រេច ដាក់ចេញពន្ធគយសងសឹកទៅលើទំនិញអាមេរិក ដល់ ១២៥% ហើយថែមទាំងមិនបានស្វែងរកការចរចាណាមួយ ដូចដែលខ្លួនធ្លាប់និយាយទាក់ទងទៅនឹងលទ្ធភាពនៃការចរចា ដោយផ្នែកលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក និងសមភាព នោះឡើយ។

មិនតែប៉ុណ្ណោះ កាលពីសប្តាហ៍មុន ប្រទេសចិនក៏បានដាក់ពាក្យបណ្តឹងថ្មីមួយទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ផងដែរ ដែលបង្ហាញពី “ការព្រួយបារម្ភយ៉ាងខ្លាំង” លើពន្ធគយរបស់សហរដ្ឋអាមេរិក ដោយចោទប្រកាន់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ថាបានរំលោភលើច្បាប់របស់ស្ថាប័នពាណិជ្ជកម្មពិភពលោកមួយនេះ។

ជាងនេះទៅទៀត ក្រសួងពាណិជ្ជកម្មចិន បាននិយាយកាលពីថ្ងៃពុធថា ការដំឡើងពន្ធម្តងហើយម្តងទៀត របស់សហរដ្ឋអាមេរិកលើទំនិញចិន បានវិវត្តទៅជាហ្គេមតូលេខ ហើយវាគឺគ្មានតម្លៃសេដ្ឋកិច្ចពិតប្រាកដនោះឡើយ។ នេះបើយោងតាមរបាយការណ៍ពី Global Times៕