អាជ្ញាធរទេសចរណ៍ថៃ (TAT) បានប្រកាសកាលពីភាគជោគជ័យនៃ ពិធីបុណ្យមហាសង្ក្រាន្ត ឆ្នាំ២០២៥ របស់ខ្លួន ដែលប្រារព្ធឡើងនៅសួន Sanam Luang ក្នុងទីក្រុងបាងកក ចន្លោះពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមេសា ជាមួយនឹងការផ្តល់ប្រាក់ចំណូលដល់សេដ្ឋកិច្ចសរុបជាង ១,៧ពាន់លានបាត (ប្រមាណជាង ៥០លានដុល្លារ)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Nation។
លោកស្រី Thapanee Kiatphaibool អភិបាល TAT បានមានប្រសាសន៍ថា ពិធីបុណ្យដែលបានប្រារព្ធឡើងនៅតាមបណ្តោយផ្លូវ Ratchadamnoen និងនៅ Sanam Luang ក្នុងសង្កាត់ Phra Nakhon បានទទួលការចាប់អារម្មណ៍ខ្លាំង យ៉ាងលើសលុបពីសំណាក់ភ្ញៀវទេសចរថៃ និងអន្តរជាតិ។ ហើយអ្នកចូលរួមសរុប ក្នុងរយៈពេលបីថ្ងៃដំបូងនោះ មានជនជាតិថៃចំនួន ៥២៣ ៤៥៦នាក់ និងជនបរទេសចំនួន ៣៤ ៥៥៩នាក់។
មិនតែប៉ុណ្ណោះ TAT ក៏បានព្យាករទៀតថា ភ្ញៀវទេសចរបរទេសសរុបចំនួន ៤៧៦ ០០០ នាក់ នឹងមកលេងប្រទេសថៃក្នុងអំឡុងថ្ងៃបុណ្យសង្ក្រាន្តទាំងមូល (ចាប់ពីថ្ងៃទី ១២-១៦ ខែមេសា) ពោលគឺកើនឡើង ៣% និងបង្កើតប្រាក់ចំណូលសរុបចំនួន ៧,៣ពាន់លានបាត កើនឡើង ៧% ធៀបនឹងឆ្នាំមុន។
ជាមួយគ្នានេះ ការធ្វើដំណើរក្នុងស្រុកក៏នឹងមានការកើនឡើង ៦% ផងដែរ ដល់ចំនួន ៤,៤២ លានដង ដោយរួមចំណែកដល់សេដ្ឋកិច្ចចំនួន ១៩,២ពាន់លានបាត ពោលគឺកើនឡើង ៩% បើធៀបទៅនឹងឆ្នាំមុន៕