ប្រទេសវៀតណាម ដែលធ្លាប់តែពឹងផ្នែកខ្លាំងទៅលើធ្យូងថ្ម ឥឡូវនេះ កំពុងមានគោលបំណងធំក្នុងការបង្កើនសមត្ថភាពផលិតថាមពលរបស់ខ្លួននៅឆ្នាំ២០៣០ ដោយផ្តោតលើថាមពលកកើតឡើងវិញ និងដាក់បញ្ចូលថាមពលនុយក្លេអ៊ែរ នៅក្នុងគម្រោងនេះផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។
រដ្ឋាភិបាលវៀតណាម បានឲ្យដឹងថា ដើម្បីសម្រេចបាននូវគោលដៅ ប្រទេសរបស់ខ្លួន នឹងត្រូវការការវិនិយោគសរុបប្រមាណ ១៣៦,៣ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០៣០ ដែលស្មើទៅនឹងជាងមួយភាគបួននៃផលិតផលក្នុងស្រុកសរុប ឆ្នាំ២០២៤ របស់ប្រទេសនេះ។
មិនតែប៉ុណ្ណោះ រដ្ឋាភិបាលវៀតណាម កាលពីថ្ងៃទី១៦ ខែមេសាកន្លងទៅ បាននិយាយថា នៅក្រោមប្លង់មេដែលបានអនុម័តរួចរាល់ វៀតណាម ចង់បង្កើនសមត្ថភាពដំឡើងថាមពលសរុបរបស់ខ្លួន ដល់ចន្លោះពី ១៨៣ ទៅ ២៣៦ ជីហ្គាវ៉ាត់ នៅឆ្នាំ២០៣០ ពោលគឺកើនឡើងពីជាង ៨០ ជីហ្គាវ៉ាត់ ដែលគិតនៅត្រឹមនៅចុងឆ្នាំ២០២៣ កន្លងទៅ។
ហើយដើម្បីសម្រេចគោលដៅនេះបាន រដ្ឋាភិបាលកំពុងបន្តផ្តោតជាចម្បងទៅលើការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ឡើងវិញ បន្ទាប់ពីវាបានផ្អាកកម្មវិធីរបស់ខ្លួន ក្នុងឆ្នាំ២០១៦ បន្ទាប់ពីព្រួយបារម្ភចំពោះសុវត្ថិភាព ក្រោយកើតគ្រោះមហន្តរាយនុយក្លេអ៊ែរ Fukushima នៅប្រទេសជប៉ុន និងចំពេលមានឧបសគ្គលើកញ្ចប់ថវិកា។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលវៀតណាម បាននិយាយថា រោងចក្រថាមពលនុយក្លេអ៊ែដំបូងបំផុតរបស់ខ្លួន អាចនឹងចាប់ផ្តើមដំណើរការ នៅចន្លោះឆ្នាំ២០៣០ និង២០៣៥ ជាមួយនឹងសមត្ថភាពរួមបញ្ចូលគ្នារហូតដល់ ៦,៤ GW៕