ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានអញ្ជើញមកកាន់ប្រទេសកម្ពុជា សម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរយ:ពេល ២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នេះ។
ក្នុងអំឡុងពេលនៃការអញ្ជើញមកដល់ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោក ស៊ី បានធ្វើដំណើរមកតាមរយ:យន្តហោះដ៏ពិសេសប្រភេទ China Boeing 747-8 ដែលប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ចិន Air China និងមានសមត្ថភាពផ្ទុកអ្នកដំណើរបានដល់ទៅ ៣៦៥នាក់ ឯណោះ។
អ្វីដែលកាន់តែពិសេសជាងនេះ គឺយន្តហោះប្រភេទនេះ អាចមានសមត្ថភាពហោះហើរនៅក្នុងរយ:ចម្ងាយឆ្ងាយបំផុតរហូតដល់ទៅ ១៤ ៤៣០ គីឡូម៉ែត្រ ដោយពុំចាំបាច់ត្រូវចាក់បំពេញសាំងនោះឡើយ និងអាចហោះហើរបានក្នុងល្បឿនជាង ១ពាន់គីឡូម៉ែត្រ ក្នុងមួយម៉ោង។
មិនតែប៉ុណ្ណោះ Boeing 747-8 នេះគឺជាប្រភេទយន្តហោះដឹកអ្នកដំណើរខ្នាតយក្សមួយ ដោយមានតួខ្លួនវែងបំផុតប្រវែង ៧៦,៣ ម៉ែត្រ និងកម្ពស់ ១៩,៤ ម៉ែត្រ។
បន្ថែមពីនេះ យន្តហោះដែលមេដឹកនាំកំពូលចិនធ្វើដំណើរនេះ ក៏មានលក្ខណ:ពិសេសផ្សេងទៀតផងដែរ ដោយភ្ជាប់មកជាមួយនឹងប្រព័ន្ធទំនាក់ទំនងសុវត្ថិភាព រួមទាំងប្រព័ន្ធប្រឆាំងគ្រាប់មីស៊ីល និងប្រព័ន្ធសម្រាប់ការទាក់ទងភ្លាមៗជាមួយនឹងថ្នាក់ដឹកនាំកំពូល និងមន្ត្រីយោធាចិន។
នៅលើយន្តហោះ Boeing 747-8 នេះ ក៏មានបន្ទប់ប្រជុំពិសេសផងដែរ ដែលអាចធ្វើឲ្យលោក ស៊ី ធ្វើការទាក់ទងភ្លាមៗ និងអាចបញ្ជាដោយផ្ទាល់ពីលើអាកាស ផងដែរ។
ជម្រាបជូនថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលនឹងធ្វើឲ្យកាន់តែរឹងមាំថែមទៀត នូវចំណងមិត្តភាពជាប្រពៃណីដែលត្រូវបាន កសាងឡើងដោយថ្នាក់ដឹកនាំជាបន្តបន្ទាប់នៃប្រទេសទាំងពីរ។ ហើយដំណើរទស្សនកិច្ចរបស់លោក ស៊ី លើកនេះក៏នឹងបង្កើនសារៈសំខាន់បន្ថែមទៀតដល់ចំណងមិត្តភាពដែកថែប និងភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រជាជាតិទាំងពីរផងដែរ៕