លោក ត្រាំ ថាលោកអាចនឹងមិនបន្តដាក់ពន្ធគយសងសឹកលើប្រទេសចិនបន្ថែមទៀតឡើយ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីពេលថ្មីៗនេះថា លោកប្រហែលជានឹងមិនបន្តដំឡើងពន្ធគយសងសឹកទៅលើប្រទេសចិនទៀតនោះឡើយ ព្រោះនេះអាចនឹងធ្វើឲ្យមានការរារាំងដល់ការប្រើប្រាស់ទូទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយថ្លែងប្រាប់ទៅកាន់អ្នកសារព័ត៌មាន នៅឯសេតវិមានកាលពីថ្ងៃទី១៧ ខែមេសា លោក ត្រាំ បានលើកឡើងថា ៖” ខ្ញុំមិនចង់បន្តដំឡើងពន្ធគយខ្ពស់ជាងនេះទៀតទេ ពីព្រោះណៅពេលណាមួយពន្ធគយទាំងនេះ នឹងមិនបញ្ឈប់មនុស្សមិនឲ្យទិញទំនិញ។ ខ្ញុំប្រហែលជាចង់បន្ថយអត្រាពន្ធគយលើចិនវិញខ្លះ ដូច្នេះមនុស្សមនុស្សអាចបន្តចំណាយលើការទិញទំនិញបន្តទៀត”។

យ៉ាងណាមិញ ចំពោះក្រុមអ្នកវិភាគ បានយល់ឃើញថា នេះអាចជាសញ្ញាមួយដែលអាមេរិកចង់បញ្ចប់សង្គ្រាមពន្ធគយសងសឹកជាមួយចិន ក្នុងរយ:ពេលប៉ុន្មានខែកន្លងមកនេះ។ ចាប់តាំងពីដើមអាណត្តិថ្មីនេះមក ប្រធានាធិបតីអាមេរិក លោក​ ត្រាំ បានប្រកាសដំឡើងពន្ធនាំចូលចំនួនបីបន្ថែមទៀតលើប្រទេសចិន ដោយពន្ធគយត្រូវបានដំឡើងពីរដងក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ បច្ចុប្បន្ននេះ ពន្ធនាំចូលសរុបរបស់សហរដ្ឋអាមេរិកដែលដាក់លើប្រទេសចិន ក្នុងអំឡុងអាណត្តិរបស់លោក ត្រាំ គឺមានចំនួនសរុប ១៤៥% លើផលិតផលទាំងអស់ និង ២៤៥% លើមុខទំនិញមួយចំនួន។

យ៉ាងណាមិញ​ ជុំវិញការប្រកាសចេញវិធានពន្ធគយជាបន្តបន្ទាប់របស់លោក ត្រាំ នេះ ខាងរដ្ឋាភិបាលទីក្រុងប៉េកាំង ក៏បានចាប់ផ្តើមដាក់ចេញគោលនយោបាយឆ្លើយតបវិញ រួមទាំងការដាក់ពន្ធនាំចូលក្នុងកម្រិតសមមូល ក៏ដូចជាការរឹតបន្តឹងការនាំចេញលោហៈសំខាន់ៗជាច្រើន និងការដាក់អាជីវកម្មអាមេរិកក្នុងបញ្ជីអង្គភាពដែលមិនគួរឲ្យទុកចិត្ត ឬរឹតបន្តឹងការនាំចេញ។

ជម្រាបជូនផងដែរថា ក្រោយសង្គ្រាមពន្ធគយរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ អស់រយៈពេលជិតពីរសប្តាហ៍មកនេះ ប្រជាជនអាមេរិក បាននិងកំពុងស្តុកទុកទំនិញសំខាន់ៗជាច្រើនទុក ដោយសារតែមានការព្រួយបារម្ភអំពីការកើនឡើងនៃតម្លៃ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានដំឡើងពន្ធនាំចូលលើដៃគូពាណិជ្ជកម្មរបស់ខ្លួន ម្តងហើយម្តងទៀត៕