ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកអាចនឹងបណ្តេញប្រធានធនាគារកណ្តាលអាមេរិក លោក Jerome Powell ចេញពីតំណែង បន្ទាប់ពីមន្ត្រីរូបនេះ បានធ្វើការព្រមានថាវិធានការពន្ធគយរបស់លោក ត្រាំ អាចបណ្តាលឲ្យមានអតិផរណាកាន់តែធ្ងន់ធ្ងរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
លោក ត្រាំ បានប្រាប់ទៅកាន់អ្នកសារព័ត៌មាននៅសេតវិមាន កាលពីថ្ងៃទី១៧ ខែមេសាថា៖” ប្រធានប្រព័ន្ធធនាគារអាមេរិក Federal Reserve លោក Jerome Powell នឹងចាកចេញតំណែង ប្រសិនបើខ្ញុំស្នើសុំគាត់។ ខ្ញុំមិនសប្បាយចិត្តជាមួយនឹងគាត់ទេ ហើយខ្ញុំក៏បានប្រាប់រឿងនេះឲ្យគាត់ដឹងផងដែរ។ ជឿខ្ញុំ ប្រសិនបើខ្ញុំចង់ឲ្យគាត់ចេញពីតំណែង នោះវាអាចកើតឡើងបានយ៉ាងឆាប់រហ័ស” ។
យ៉ាងណាមិញ យោងតាមការចុះផ្សាយពីកាសែត Wall Street Journal បានរាយការណ៍ថា លោក ត្រាំ ក៏បានពិភាក្សាជាលក្ខណៈឯកជនអំពីលទ្ធភាពនៃការបណ្តេញ លោក Powell អស់ជាច្រើនខែមកហើយ ប៉ុន្តែនៅមិនទាន់បានធ្វើការសម្រេចចិត្តចុងក្រោយនោះទេ។
ជុំវិញសេចក្តីថ្លែងការណ៍របស់លោក ត្រាំ នេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោក Powell បានព្រមានកាលពីថ្ងៃទី១៦ ខែមេសាថាការដាក់ពន្ធរបស់លោក ត្រាំ លើដៃគូពាណិជ្ជកម្មភាគច្រើនអាចធ្វើប្រព័ន្ធធនាគារអាមេរិក Fed ស្ថិតក្នុងស្ថានភាពលំបាក ដោយត្រូវជ្រើសរើសរវាងការដោះស្រាយបញ្ហាអតិផរណា និងការគ្មានការងារធ្វើ។
មិនតែប៉ុណ្ណោះ លោក Powell បាននិយាយទៀតថា គោលនយោបាយពន្ធគយរបស់លោក ត្រាំ បានធ្វើឲ្យអ្នកវិនិយោគ និងរដ្ឋាភិបាលជុំវិញពិភពលោកមានការព្រួយបារម្ភ និងមានភាពមិនច្បាស់លាស់អំពីយុទ្ធសាស្ត្ររយៈពេលវែង ក៏ដូចជាអត្ថន័យរបស់វិធានការពន្ធគយនេះ សម្រាប់ពាណិជ្ជកម្មអន្តរជាតិ ផងដែរ។
ជម្រាបជូនផងដែរថា លោក ត្រាំ តែងបានរិះគន់ប្រធានធនាគារកណ្តាលរូបនេះ ជាញឹកញាប់ ដោយចោទប្រកាន់លោក Powell ថាកំពុងលលេងជាមួយនយោបាយ។ លោក Powell ត្រូវបានតែងតាំងជាប្រធានធនាគារកណ្តាល ក្នុងអំឡុងពេលអាណត្តិទីមួយរបស់លោក ត្រាំ៕