លោក ត្រាំ បង្ហើបថាអាមេរិកកំពុងចរចាលើកិច្ចព្រមព្រៀងពន្ធគយជាមួយប្រទេសចិន

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាសហរដ្ឋអាមេរិក កំពុងស្ថិតនៅក្នុងការចរចាជាមួយប្រទេសចិនជុំវិញបញ្ហាពន្ធគយ ដោយជឿជាក់ថាភាគីទាំងពីរអាចនឹងឈានដល់កិច្ចព្រមព្រៀងល្អបំផុត នៅក្នុងពេលឆាប់ៗ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយថ្លែងប្រាប់ទៅកាន់អ្នកសារព័ត៌មាន នៅឯសេតវិមានកាលពីថ្ងៃទី១៧ ខែមេសា លោក ត្រាំ​ បានបានបង្ហើបឲ្យដឹងថា ៖”ពិតមែនហើយ យើងកំពុងពិភាក្សាជាមួយចិន។ ខ្ញុំអាចប្រាប់អ្នកបានថា ភាគីទាំងពីរបានចរចាគ្នាជាច្រើនដងរួចមកហើយ”។ ប្រធានាធិបតីអាមេរិករូបនេះ បានបន្ថែមទៀតថា កិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក និងរដ្ឋាភិបាលទីក្រុងប៉េកាំង បានធ្វើឡើង ពោលគឺចាប់តាំងពីអាមេរិក បានបន្តដំឡើងពន្ធនាំចូលលើទំនិញរបស់ចិនដល់ ១៤៥% មកម្លេះ។

ប៉ុន្តែទន្ទឹមនឹងនេះ នៅពេលត្រូវបានគេសួរនាំថា តើលោក និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានធ្វើការទំនាក់ទំនងគ្នាដោយផ្ទាល់ចំពោះកិច្ចពិភាក្សាគ្នានេះឬអត់ ខណ:លោក ត្រាំ បានបដិសេធ ដោយនិយាយថា វាមិនសមស្របនោះឡើយ នៅក្នុងការបង្ហាញវាជាសាធារណ:នោះ។

ជម្រាបជូនផងដែរថា សហរដ្ឋអាមេរិក និងចិន គឺជាប្រទេសមានសេដ្ឋកិច្ចឈានមុខគេទាំងពីររបស់ពិភពលោក ហើយក៏ជាដៃគូពាណិជ្ជកម្មដ៏សំខាន់ជាមួយគ្នាផងដែរ។ តែទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីចូលកាន់តំណែងក្នុងអាណត្តិទីមួយមក លោក ត្រាំ បានចាត់ទុកប្រទេសចិនជាដៃគូប្រកួតប្រជែងយុទ្ធសាស្ត្រ និងបានចាប់ផ្តើមធ្វើសង្រ្គាមពាណិជ្ជកម្មទ្រង់ទ្រាយធំប្រឆាំងនឹងប្រទេសនេះជាបន្តបន្ទាប់៕