យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Yonhap បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃទី១៧ ខែមេសាថា ក្រុមហ៊ុន
Hyundai Motor គ្រោងនឹងផ្អាកការផលិតរថយន្តអគ្គិសនី (EVs) មួយចំនួនរបស់ខ្លួន នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយសារតម្រូវការយឺតយ៉ាវ និងចំពេលមការដាក់ចេញវិធានការពន្ធគយរបស់សហរដ្ឋអាមេរិក។
ប្រភពដដែលនេះ បាននិយាយទៀតថា ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់កូរ៉េខាងត្បូង ត្រូវបានគេរំពឹងថានឹងបញ្ឈប់ប្រតិបត្តិការលើខ្សែសង្វាក់ផលិតកម្មមួយចំនួន ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែមេសា នៅឯរោងចក្រ Ulsan របស់ខ្លួន ដែលជាកន្លែងពួកគេផលិតរថយន្តអគ្គិសនី ម៉ូដែល Ioniq 5 និង Kona ។
Yonhap ក៏បានបន្ថែមទៀតថា ការផ្អាកផលិតកម្មរថយន្ត EV នេះ ត្រូវបានធ្វើឡើង នៅពេលដែលការបញ្ជាទិញរថយន្ត EV ពីទីផ្សារធំៗបានធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងខែមេសា បន្ទាប់ពីផែនការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់រថយន្ត EV របស់រដ្ឋាភិបាល ត្រូវបានដកចេញ និងមានការដាក់ពន្ធគយរបស់សហរដ្ឋអាមេរិក លើយានយន្តនាំចូល ផងដែរ។
ជម្រាបជូនផងដែរថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធរហូតដល់ ២៥ភាគរយលើរថយន្តនាំចូល និងរថយន្តធុនស្រាលពីគ្រប់បណ្តាប្រទេសទាំងអស់ នៅក្នុងខែមេសានេះ៕