យន្តហោះរបស់ក្រុមហ៊ុន Boeing ដែលចិនបញ្ជាទិញ ត្រូវបង្ខំចិត្តបញ្ជូនទៅកាន់អាមេរិកវិញ

អន្តរជាតិ

យន្តហោះរបស់ក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្សអាមេរិក Boeing ប្រភេទេ Boeing 737 MAX ដែលត្រូវបានគេសន្មត់ថានឹងបញ្ជូនទៅឲ្យក្រុមហ៊ុនអាកាសចរណ៍ចិននោះ ត្រូវបានហោះវិលត្រឡប់មកកាន់ទឹកដីសហរដ្ឋអាមេរិកវិញ កាលពីថ្ងៃទី១៩ ខែមេសា ចំពេលកំពុងមានភាពតានតឹងផ្នែកពន្ធគយរវាងប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Rueters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីមុន យន្តហោះប្រភេទនេះ បានបញ្ចូនចេញពីរោងចក្ររបស់ក្រុមហ៊ុន Boeing នៅក្នុងទីក្រុង Seattle សហរដ្ឋអាមេរិក ទៅកាន់មជ្ឈមណ្ឌលបញ្ចប់ការសាងសង់ Zhoushan នៅក្នុងខេត្ត Zhejiang ប្រទេសចិន ដើម្បីដំឡើងផ្នែកខាងក្នុង លាបពណ៌ និងរៀបចំសម្រាប់ការដឹកជញ្ជូនទៅឲ្យក្រុមហ៊ុនអាកាសចរណ៍ Xiamen Airlines ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីបញ្ចប់ការសាងសង់រួចរាល់ យន្តហោះ Boeing 737 MAX បែរ​ជាត្រូវហោះហើរក្នុងរយ:ចម្ងាយ ៨​ ០០០ គីឡូម៉ែត្រត្រលប់ទៅកាន់សហរដ្ឋអាមេរិកវិញ ខណ:នេះគឺជាយន្តហោះមួយក្នុងចំណោមយន្តហោះ ប្រភេទ Boeing 737 MAX ជាច្រើនផ្សេងទៀត ដែលបាននាំយកទៅកាន់មជ្ឈមណ្ឌល Zhoushan របស់ក្រុមហ៊ុន Boeing សម្រាប់ការបញ្ចប់ការសាងសង់ចុងក្រោយ មុនពេលត្រូវចែកចាយជូនដល់អតិថិជននៅក្នុងប្រទេសចិន។

យ៉ាងណាមិញ វាហាក់នៅមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេថា តើអ្នកណាជាអ្នកធ្វើការសម្រេចចិត្តបែបនេះ អាចជាក្រុមហ៊ុន Boeing ឬក្រុមហ៊ុនអាកាសចរណ៍ចិន ខណ:ទាំងក្រុមហ៊ុនអាកាសចរណ៍ Xiamen Airlines និងមន្ត្រីគយចិន មិនទាន់បានធ្វើអត្ថាធិប្បាយណាមួយជុំវិញបញ្ហានេះនៅឡើយទេ។

ជម្រាបជូនផងដែរថា យោងតាមសារព័ត៌មាន Bloomberg បានរាយការណ៍រដ្ឋាភិបាលថាទីក្រុងប៉េកាំង បានបញ្ជាឲ្យក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួន បញ្ឈប់ការទិញឧបករណ៍ និងគ្រឿងបន្លាស់យន្តហោះទាំងអស់ពីសហរដ្ឋអាមេរិក។ ការផ្លាស់ប្តូរនេះ ត្រូវបានគេមើលឃើញថាជាវិធានការឆ្លើយតបទៅនឹងពន្ធគយ ១៤៥% ដែលដាក់ដោយរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ លើទំនិញរបស់ចិន។ ហើយជាមួយគ្នានេះ រដ្ឋាភិបាលទីក្រុងប៉េកាំង ក៏បានដាក់ពន្ធគយសងសឹក ១២៥% លើទំនិញអាមេរិកវិញផងដែរ។

មុនពេលប្រធានាធិបតី លោក ត្រាំ ប្រកាសពន្ធថ្មីនៅដើមខែមេសានេះ ក្រុមហ៊ុន Boeing រំពឹងថាអាជីវកម្មរបស់ខ្លួននឹងចាប់ផ្តើមងើបឡើងវិញនៅក្នុងប្រទេសចិន។ នៅក្នុងខែមីនាតែមួយ យន្តហោះប្រភេទ 737 MAX ថ្មីៗចំនួនបីត្រូវបានហោះហើរពីទីក្រុង Seattle ទៅកាន់មជ្ឈមណ្ឌល Zhoushan សម្រាប់បញ្ចប់ការសាងសង់។ ប៉ុន្តែនៅពេលដែលទីក្រុងប៉េកាំង បានសងសឹកជាមួយនឹងពន្ធរហូតដល់ ១២៥% មក ក្រុមហ៊ុនធំៗរបស់អាមរិក រួមទាំង Boeing នោះ ស្ទើតែមិនអាចដឹកជញ្ជូនទំនិញរបស់ខ្លួន ទៅកាន់ប្រទេសចិនបាននោះឡើយ៕