លោក ត្រាំ សង្ឃឹមថារុស្ស៊ី និងអ៊ុយក្រែនអាចឈានដល់ការចុះកិច្ចព្រមព្រៀងសន្តិភាព ក្នុងសប្តាហ៍នេះ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញក្តីសង្ឃឹមថា ប្រទេសរុស្ស៊ី និងអ៊ុយក្រែនអាចឈានដល់ការចុះកិច្ចព្រមព្រៀងសន្តិភាពមួយ នៅក្នុងសប្តាហ៍នេះ ដោយនឹងចាប់ផ្តើមធ្វើកិច្ចការងារធំ ជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយសរសេរនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃទី២០ ខែមេសានេះ លោក ត្រាំ បានលើកឡើងថា៖”​ ខ្ញុំសង្ឃឹមថារុស្ស៊ី និងអ៊ុយក្រែននឹងអាចឈានដល់ការចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយគ្នា នៅក្នុងសប្តាហ៍នេះ”។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ ហាក់មិនបានចែករំលែកពីព័ត៌មានលម្អិតបន្ថែមអំពីកិច្ចព្រមព្រៀងសន្តិភាពដែលដឹកនាំដោយអាមេរិក រវាងរុស្ស៊ី និងអ៊ុយក្រែននេះឡើយ។

ជាមួយគ្នានេះ លោក ត្រាំ បានបង្ហាញពីក្តីសង្ឃឹមក្នុងបរិបទមួយដែលរដ្ឋបាលអាមេរិក បានព្រមានយ៉ាងខ្លាំងក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន អាចបញ្ចប់តួនាទីរបស់ខ្លួនជាស្ពាន ប្រសិនបើទីក្រុងម៉ូស្គូ និងក្រុងគៀវ មិនបង្ហាញសញ្ញាច្បាស់លាស់នៃការចង់ឈានដល់កិច្ចព្រមព្រៀងសន្តិភាពណាមួយ​ក្នុងពេលឆាប់ៗ ទេនោះ។

គួរឲ្យដឹងថា ចាប់តាំងពីចូលកាន់តំណែងមក ប្រធានាធិបតីអាមេរិក លោក ត្រាំ បានចាត់វិធានការជាច្រើន ដើម្បីធ្វើឲ្យមានទំនាក់ទំនងធម្មតាជាមួយរុស្ស៊ី ដោយសង្កត់ធ្ងន់លើសក្តានុពលសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ ក្នុងវិស័យមួយចំនួន។

ទន្ទឹមនឹងនេះ រដ្ឋបាលរបស់លោក ត្រាំ ក៏កំពុងជំរុញឲ្យមានកិច្ចព្រមព្រៀងដើម្បីទាញយកធនធានរ៉ែដ៏សំខាន់របស់អ៊ុយក្រែន ដើម្បីធ្វើជាសំណងសម្រាប់កញ្ចប់ជំនួយដែលផ្តល់ដល់គៀវ ដោយរដ្ឋបាលមុនរបស់អតីតប្រធានាធិបតី លោក ចូ បៃដិន ក្នុងអំឡុងពេលមានជម្លោះ ផងដែរ៕