ជប៉ុន កំពុងពិចារណានាំចូលផលិតផលកសិកម្មពីសហរដ្ឋអាមេរិកបន្ថែមទៀត

អន្តរជាតិ

យោងតាមកាសែតក្នុងស្រុក Yomiuri កាលពីពេលថ្មីៗនេះ បានរាយការណ៍ថា ប្រទេសជប៉ុន កំពុងពិចារណាទិញសណ្តែងសៀង និងអង្ករបន្ថែមទៀតពីសហរដ្ឋអាមេរិក ដើម្បីបង្កើនជំហររបស់ខ្លួន នៅក្នុងការចរចាពន្ធគយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​រំឮកផងដែរ កាលពីថ្ងៃទី១៦ ខែមេសា ការចរចាទ្វេភាគីរវាងសហរដ្ឋអាមេរិក និងជប៉ុនស្តីពីពន្ធនាំចូលបានធ្វើឡើងហើយ នៅទឹកដីសហរដ្ឋអាមេរិក។ ក្នុងនោះដែររដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុន លោក Ryosei Akazawa បានជួបជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent និងអ្នកតំណាងពាណិជ្ជកម្ម លោក Jamieson Greer ផងដែរ។

យោងតាមសារព័ត៌មាន Yomiuri បង្ហាញឲ្យដឹងទៀតថា ភាគីអាមេរិកបានលើកឡើងពីបញ្ហារថយន្ត និងអង្ករក្នុងអំឡុងពេលកិច្ចប្រជុំ ដោយអះអាងថា រដ្ឋាភិបាលទីក្រុងតូក្យូ បានដំឡើងរបាំងពន្ធគយនៅក្នុងទំនិញទាំងនោះ។ រដ្ឋាភិបាលវ៉ាស៊ីនតោន ក៏បានរិះគន់ប្រព័ន្ធចែកចាយអង្ករ និងបទប្បញ្ញត្តិនាំចេញរបស់ប្រទេសជប៉ុនផងដែរ ដោយនិយាយថាមានភាពតឹងរ៉ឹង និងខ្វះតម្លាភាព។ អាមេរិក​ក៏បាន​អំពាវនាវ​ឲ្យ​ជប៉ុន​បង្កើន​ការ​នាំចូល​ផលិតផល​កសិកម្ម​ផ្សេងទៀត ​ដូចជា​សាច់ អាហារ​សមុទ្រ និង​ដំឡូង ជាដើម។

ជុំវិញបញ្ហាទាំងនេះហើយ បច្ចុប្បន្ន ជប៉ុន​កំពុង​ពិចារណា​ទិញ​សណ្តែកសៀង និង​អង្ករ​បន្ថែម​ទៀតពី​សហរដ្ឋអាមេរិក ដើម្បី​ពង្រឹង​ជំហរ​ចរចា​របស់ខ្លួន។ គោលដៅរបស់រដ្ឋាភិបាលទីក្រុងតូក្យូ គឺដើម្បីទទួលបានការលើកលែងពីពន្ធគយ។ សូម្បីតែមុនពេលដែលសហរដ្ឋអាមេរិកដាក់ពន្ធនាំចូលក៏ដោយ ក៏ប្រទេសជប៉ុន បានបង្កើនការទិញអង្កររបស់ខ្លួនកាលពីឆ្នាំមុនផងដែរ បន្ទាប់ពីតម្លៃក្នុងស្រុកកើនឡើងដោយសារតែកង្វះខាតការផ្គត់ផ្គង់។

ជម្រាបជូនផងដែរថា ដូចដៃគូពាណិជ្ជកម្មផ្សេងទៀតរបស់សហរដ្ឋអាមេរិកដែរ ប្រទេសជប៉ុន ឥឡូវនេះត្រូវបានផ្តល់ការពន្យារពេល ៩០ថ្ងៃពីពន្ធគយសរុប ២៤% របស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ពន្ធសរុប ១០% នៅតែបន្តដាក់ចេញ រួមជាមួយនឹងពន្ធគយ ២៥% លើរថយន្ត ដែលត្រូវបានចាត់ទុកថាជាការនាំចេញដ៏សំខាន់របស់ខ្លួន៕