ឥណ្ឌូណេស៊ី បានក្លាយជាប្រទេសចុងក្រោយគេបំផុតមួយដែលយល់ព្រមបង្កើនការនាំចូលទំនិញរបស់សហរដ្ឋអាមេរិកបន្ថែមទៀតនៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយផលប៉ះពាល់នៃគោលនយោបាយពន្ធគយរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ លើការនាំចេញរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច លោក Airlangga Hartarto កាលពេលថ្មីៗនេះ បាននិយាយថា ប្រទេសឥណ្ឌូណេស៊ី បានស្នើបង្កើនការនាំចូលរបស់ខ្លួនពីសហរដ្ឋអាមេរិក ដល់ទៅ ១៩ពាន់លានដុល្លារ ដើម្បីលុបបំបាត់អតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។
ហើយមិនតែប៉ុណ្ណោះ នៅមុនការប្រកាសនេះ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានបង្ហាពីផែនការក្នុងការផលិតផលថាមពលដែលមានតម្លៃរហូតដល់ទៅ ១០ពាន់លានដុល្លារ រួចហើយ ពីសហរដ្ឋអាមេរិក។ ស្របពេល លោក Airlangga បាននិយាយថា ប្រទេសឥណ្ឌូណេស៊ី ក៏មានគម្រោងក្នុងការទិញយកផលិតផលកសិកម្ម រួមទាំងស្រូវសាលី សណ្តែកសៀង ពីសហរដ្ឋអាមេរិក ផងដែរ។
ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ក៏បាននាំចូលទាំងប្រេងឆៅ និងឧស្ម័នធម្មជាតិ ពីសហរដ្ឋអាមេរិកផងដែរ ហើយពួកគេអាចនឹងត្រូវកាត់បន្ថយការនាំចូលពីអ្នកផ្គត់ផ្គង់ផ្សេងទៀត ដើម្បីបំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបង្កើនការទិញចូលទំនិញបន្ថែម ពីសហរដ្ឋអាមេរិក។
គួរឲ្យដឹងផងដែរថា ដើម្បីបង្កើនការនាំចូលពីសហរដ្ឋអាមេរិក ឥណ្ឌូណេស៊ីគ្រោងនឹងកាត់បន្ថយការពឹងផ្អែករបស់ខ្លួន លើអ្នកផ្គត់ផ្គង់ផ្សេងៗទៀត។ ជាឧទាហរណ៍ ប្រទេសនេះ អាចកាត់បន្ថយការនាំចូលឧស្ម័នធម្មជាតិរាវ LPG ពីបណ្តាប្រទេសមជ្ឈិមបូព៌ា ដូចជាកាតា អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត ចន្លោះពី ២០% ទៅ ៣០% អាស្រ័យលើកិច្ចសន្យាដែលមានស្រាប់។
ជម្រាបជូនថា ឥន្ធនៈទាំងនេះ ត្រូវបានចាត់ទុកថាជាកត្តាសំខាន់នៅក្នុងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលទីក្រុងហ្សាកាតា ដើម្បីបញ្ចៀសការគំរាមកំហែងនៃពន្ធ ៣២% លើការនាំចេញរបស់ខ្លួន ដោយសារតែអតិរេកពាណិជ្ជកម្មរបស់ឥណ្ឌូណេស៊ី ជាមួយសហរដ្ឋអាមេរិក៕