អាមេរិក ដំឡើងពន្ធគយខ្ពស់កប់ពពកលើការនាំចូលបន្ទះសូឡា ពីតំបន់អាស៊ីអាគ្នេយ៍

អន្តរជាតិ

សហរដ្ឋអាមេរិក កាលពីថ្ងៃទី២១ ខែមេសាកន្លងទៅ បានសម្រេចដាក់ពន្ធគយនៅក្នុងកម្រិតដ៏ខ្ពស់បំផុត លើការនាំចូលបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យ ឬបន្ទះសូឡា ពីប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាការបោះជំហានថ្មីមួយឆ្ពោះទៅរកការបញ្ចប់សំណុំរឿងពាណិជ្ជកម្មអស់រយ:ពេលជាយូរមកហើយនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការប្រកាសដំឡើងពន្ធគយដ៏ខ្ពស់កប់ពពកនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនអាមេរិកបានចោទប្រកាន់ថា ក្រុមហ៊ុនរបស់ប្រទេសចិនបានបោះទីតាំងនៅក្នុងប្លុកអាស៊ាន ដើម្បីលក់បង្ខូចតម្លៃទំនិញប្រភេទនេះ នៅទីផ្សារអាមេរិក។

គួរឲ្យដឹងថា ក្រុមអ្នកដាក់ញត្តិដែលជាគណៈកម្មាធិការពាណិជ្ជកម្មនៃសម្ព័ន្ធអាមេរិក សម្រាប់ការផលិតបន្ទះសូឡា បានចោទប្រកាន់ក្រុមហ៊ុនផលិតបន្ទះសូឡារបស់ចិនធំៗដែលមានរោងចក្រ នៅក្នុងប្រទេសម៉ាឡេស៊ី កម្ពុជា ថៃ និងវៀតណាម ពីការលក់ផលិតផលរបស់ពួកគេ ដែលមានតម្លៃទាបជាងតម្លៃផលិតកម្ម និងទទួលបានប្រាក់ឧបត្ថម្ភមិនយុត្តិធម៌ដែលធ្វើឲ្យទំនិញអាមេរិកមិនមានការប្រកួតប្រជែង។

យ៉ាងណាមិញ យោងតាមក្រសួងពាណិជ្ជកអាមេរិក បានបង្ហាញឲ្យដឹងទៀតថា ជុំវិញការដាក់ពន្ធគយថ្មីនេះ បន្ទះសូឡាដែលនាំចូលមកពីប្រទេសម៉ាឡេស៊ី ជាប់ពន្ធគយតិចជាងគេ នៅក្នុងកម្រិតត្រឹម ៤១,៥៦% ប៉ុណ្ណោះ ស្របពេលការនាំចូលពីប្រទេសថៃ នឹងប្រឈមមុខនឹងពន្ធគយដល់ ៣៧៥,១% ខណ:វៀតណាមជាប់ពន្ធ ៣៩៥,៩%។

ដោយឡែកសម្រាប់ពន្ធគយនៅទូទាំងប្រទេសក្នុងតំបន់ ការនាំចូលបន្ទះសូឡាពីកម្ពុជា ត្រូវបានកំណត់ខ្ពស់ជាងគេបំផុតរហូតដល់ទៅ ៣ ៥២១% ដោយសារតែក្រុមហ៊ុននៅកម្ពុជា មិនបាន​សហការ​ស៊ើបអង្កេតជាមួយអាជ្ញាធរអាមេរិកនោះឡើយ។

ជម្រាបជូនផងដែរថា ជុំវិញការប្រកាសពីវិធានការពន្ធគយចុងក្រោយនេះ ត្រូវបានធ្វើឡើង បន្ទាប់ពិអាជ្ញាធរអាមេរិក បានបើកការស៊ើបអង្កេតពាណិជ្ជកម្មប្រឆាំងទៅនឹងការលក់បង្ខូចតម្លៃរបស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងតំបន់អាស៊ាន អស់រយ:ពេលជាង ១ឆ្នាំមកហើយ ដោយស្ថិតនៅក្រោមពាក្យបណ្តឹងរបស់ក្រហ៊ុនកូរ៉េខាងត្បូង Hanwha Qcells រួមទាំងក្រុមហ៊ុន First Solar Inc ដែលមានមូលដ្ឋាននៅរដ្ឋ Arizona និងអ្នកផលិតបន្ទះសូឡាតូចៗជាច្រើនផ្សេងទៀត ដែលកំពុងស្វែងរកការការពារការវិនិយោគតម្លៃរាប់ពាន់លានដុល្លាររបស់ពួកគេ នៅក្នុងការផលិតបន្ទះសូឡា នៅសហរដ្ឋអាមេរិក៕