មហាសេដ្ឋីអចលនទ្រព្យ លោកស្រី Truong My Lan កាលពីពេលថ្មីៗនេះ ត្រូវបានតុលាការកំពូលរបស់ប្រទេសវៀតណាម សម្រេចបន្ធូរបន្ថយទោស ពីការដាក់ពន្ធគារអស់មួយជីវិត មកនៅសល់ត្រឹមតែ ៣០ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីបានរកឃើញថាលោកស្រី បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការផ្តល់សំណងត្រលប់ទៅកាន់ជនរងគ្រោះវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។
តុលាការប្រជាជននៃទីក្រុងហូជីមិញ បានសម្រេចបន្ធូរបន្ថយទោសរបស់មហាសេដ្ឋីនីរូបនេះវិញ បន្ទាប់ពីមានការចោទប្រកាន់ នៅក្នុងខែតុលាពីបទក្លែងបន្លំដែលលោកស្រីបានប្រព្រឹត្តនៅធនាគារ Saigon Commercial Bank និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Van Thinh Phat ដែលមានទំហំទឹកប្រាក់ឆបោកប្រមាណជាង ១ពាន់លានដុល្លារ។
យ៉ាងណាមិញ ជុំវិញការសម្រាលទោសនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីតុលាការបានរកឃើញថា លោកស្រី My Lan បានព្យាយាមលុបលាងកំហុសរបស់ខ្លួន ជាមួយនឹងការលក់ទ្រព្យសម្បត្តិផ្សេងរបស់លោកស្រី ដើម្បីផ្តល់សំណងត្រលប់ទៅកាន់ជនរងគ្រោះវិញ។
ជម្រាបជូនផងដែរថា បច្ចុប្បន្ន លោក My Lan កំពុងប្រឈមមុខជាមួយនឹងការកាត់ទោសប្រហារជីវិតមួយផ្សេងទៀត ពាក់ព័ន្ធជាមួយនឹងបទល្មើសកិបកេងនៅក្នុងធនាគារ Saigon Commercial Bank កាលពីឆ្នាំមុន ប៉ុន្តែយ៉ាងណាក៏ដោយ លោកស្រីកំពុងបន្តប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តនេះ៕