ការនាំចេញអង្កររបស់ថៃ ធ្លាក់ចុះ ៣០% ចំពេលមានការព្រួយបារម្ភពន្ធគយរបស់លោក ត្រាំ​

អន្តរជាតិ

យោងតាមសមាគមអ្នកនាំចេញអង្ករថៃ បានបង្ហាញឲ្យដឹងថា ការនាំចេញអង្កររបស់ប្រទេសខ្លួន បានធ្លាក់ចុះអស់ ៣០% នៅក្នុងត្រីមាសទី១ មកនៅត្រឹមចំនួន ២,១ លានតោន បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីថ្ងៃមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Chookiat Ophaswongse ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃ បានសន្មតថាការធ្លាក់ចុះនេះ គឺកើតឡើងដោយសារតែការបើកឲ្យមានការនាំចេញអង្ករសឡើងវិញរបស់ប្រទេសឥណ្ឌា ស្របពេលឥណ្ឌូណេស៊ីដែលជាប្រទេសនាំចូលអង្ករដ៏សំខាន់របស់ថៃ បានសម្រេចចិត្តផ្អាកការបញ្ជាទិញរបស់ខ្លួនជាបណ្តោះអាសន្ន ផងដែរ។

នៅឆ្នាំនេះ ឥណ្ឌូណេស៊ី ត្រូវបានគេរំពឹងថានឹងនាំចូលអង្ករតិចជាង ១ លានតោន ប៉ុណ្ណោះ ដែលនេះហាក់បានរួមចំណែកដល់ការធ្លាក់ចុះអស់ចំនួនប្រមាណ ៥៣% នៃបរិមាណនាំចេញអង្ករសសរុបរបស់ប្រទេសថៃ។ ប៉ុន្តែទោះ​ជា​យ៉ាង​ណា ការ​នាំ​ចេញ​អង្ករ​ផ្កាម្លិះ និង​អង្ករ​ចំហុយ​របស់​ថៃ​មាន​ការ​កើន​ឡើង។

មិនតែប៉ុណ្ណោះ លោក Chookiat ក៏បានសង្កត់ធ្ងន់លើផលប៉ះពាល់យ៉ាងខ្លាំងនៃគោលនយោបាយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផងដែរ ដែលនឹងធ្វើឲ្យទំនិញរបស់ថៃមួយចំនួនជាប់ពន្ធ ១០% បើធៀបទៅនឹងពីមុនមានត្រឹម ០% ប៉ុណ្ណោះ។

លោក Chookiat បាននិយាយទៀតថា ប្រសិនបើពន្ធបន្តកើនឡើងដល់ ២០-២៥% បន្ទាប់ពីមានការពន្យារពេល ៩០ថ្ងៃ នោះ វានឹងអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការនាំចេញអង្ករផ្កាម្លិះ ទៅកាន់សហរដ្ឋអាមេរិក ដែលជាទីផ្សារធំបំផុតសម្រាប់អង្ករផ្កាម្លិះថៃ។

ជម្រាបជូនថា កាលពីឆ្នាំមុន ប្រទេសថៃបាននាំចេញអង្ករចំនួន ៨៣០ ០០០ តោនទៅកាន់សហរដ្ឋអាមេរិក ដែលរួមមានអង្ករផ្កាម្លិះចំនួន ៦៣០ ០០០ តោន និងអង្ករក្រអូបថៃចំនួន ១២០ ០០០ តោន។ ជារៀងរាល់ឆ្នាំ ប្រទេសថៃបាននាំចេញអង្ករផ្កាម្លិះ ចន្លោះពី ១,៣-១,៤ លានតោន ទៅកាន់ទីផ្សារពិភពលោក៕