យោងតាមនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បាននិយាយនៅថ្ងៃអង្គារនេះថា ការចរចារបស់ប្រទេសថៃ ជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ស្តីពីបញ្ហាពន្ធគយពាណិជ្ជកម្ម ត្រូវបានពន្យារពេល ដោយសារតែសហរដ្ឋអាមេរិក បានស្នើឲ្យថៃ ពិនិត្យមើលបញ្ហាសំខាន់ៗបន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន
Reuters។
លោកស្រី Paetongtarn បាននិយាយថា កាលបរិច្ឆេទនៃកិច្ចប្រជុំថ្មីកំពុងត្រូវបានកំណត់ឡើងវិញហើយ ខណ:កាលបរិច្ឆេទចាស់ សម្រាប់កិច្ចចរចា គឺគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែមេសនេះ។
គួរឲ្យដឹងផងដែរថា ប្រទេសថៃ ស្ថិតនៅក្នុងចំណោមប្រទេសអាស៊ានផ្សេងទៀត ដែលរងផលប៉ះពាល់យ៉ាងខ្លាំងបំផុត ដោយសារតែវិធានការពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលប្រឈមមុខទៅនឹងការដំឡើងពន្ធរហូតដល់ទៅ ៣៦% ឯណោះ ប្រសិនបើមិនអាចស្វែងរកដំណោះស្រាយក្នុងការចរចាកាត់បន្ថយបានទេនោះ។
ជុំវិញការពន្យារពេលនេះ លោកស្រី Paetongtarn បាននិយាយថា ៖”យើងនឹងធ្វើឲ្យមិនយឺតពេលពេកនោះទេ ហើយយើងកំពុងពិនិត្យមើលបញ្ហា រួមទាំងពន្ធគយរបស់យើង ដែលអាចត្រូវបានកែតម្រូវឲ្យសមស្រប”។
ជម្រាបជូនផងដែរថា សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ប្រទេសថៃកាលពីឆ្នាំមុន ដែលមានចំនួន ១៨,៣% នៃការនាំចេញសរុប ឬស្មើទៅនឹងទំហំទឹកប្រាក់ ៥៤,៩ពាន់លានដុល្លារ។ ជាមួយគ្នានេះ រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោនបានដាក់ឱនភាពពាណិជ្ជកម្មរបស់ខ្លួន ជាមួយប្រទេសថៃក្នុងចំនួនប្រមាណ ៤៥,៦ពាន់លានដុល្លារ៕