មហាសេដ្ឋីកំពូលរបស់ពិភពលោក Elon Musk ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការចាកចេញពីជួររដ្ឋាភិបាលសហរដ្ឋអាមេរិក បន្ទាប់ពីទទួលបានការរិះគន់ជាបន្តបន្ទាប់ សម្រាប់តួនាទីបច្ចុប្បន្នរបស់ខ្លួន។
យោងតាមកាសែត Washington Post បានចុះផ្សាយកាលពីថ្ងៃទី២១ ខែមេសា ថាស្ថាបនិកក្រុមហ៊ុនរថយន្តអគ្គិសនី Tesla រូបនេះ បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីចាកចេញពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយសារតែរូបលោកហាក់មានភាពធុញទ្រាន់ខ្លាំង ជុំវិញការវាយប្រហារពីសំណាក់ក្រុមប្រឆាំង។
ប៉ុន្តែទោះជាយ៉ាងនេះក្តី លោក Musk ជឿជាក់ថាការិយាល័យប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) របស់លោក នឹងនៅតែបន្តធ្វើការងារសំខាន់ៗ លើការកែទម្រង់នៅក្នុងជួររដ្ឋាភិបាល ហើយនឹងមិនទទួលផលប៉ះពាល់ណាមួយនោះឡើយ បើទោះបីជាលោកបានចាកចេញទៅហើយក៏ដោយ។
ជាមួយគ្នានេះ វាហាក់នៅមិនទាន់ដឹងច្បាស់នៅឡើយទេថា នៅពេលណាដែលមហាសេដ្ឋីអាមេរិក នឹងចាកចេញពីជួររដ្ឋបាលរបស់លោក ត្រាំ នោះ ប៉ុន្តែតួនាទីក្នុងនាមជាបុគ្គលិករដ្ឋាភិបាលពិសេសរបស់លោក Musk គឺមានសុពលភាពត្រឹមរយ:ពេល ១៣០ថ្ងៃប៉ុណ្ណោះ ដែលវានឹងត្រូវផុតកំណត់នៅចុងខែក្រោយនេះហើយ។
ជម្រាបជូនថា យោងតាមការចុះផ្សាយពីសារព័ត៌មាន Politico ក៏បានដកស្រង់ប្រភពជិតស្និទ្ធទៅនឹងប្រធានាធិបតីអាមេរិកលោក ត្រាំ កាលពីដើមខែនេះ ដោយនិយាយថាលោក ត្រាំ និងលោក Musk គឺបានសម្រេចចិត្តលើកាលបរិច្ឆេទជាក់លាក់មួយរួចជាស្រេចហើយ ថានៅពេលដែលដែលមហាសេដ្ឋីរូបនេះនឹងត្រូវចាកចេញពីជួររដ្ឋាភិបាល ប៉ុន្តែមិនបានបង្ហាញពីព័ត៌មានលាក់បន្ថែមទៀតនោះឡើយ៕