ក្រុមហ៊ុនខ្នាតយក្សស្វីស Roche បោះទុនវិនិយោគ ៥០ពាន់លានដុល្លារ នៅអាមេរិក ដើម្បីគេចពីពន្ធគយ

អន្តរជាតិ

ក្រុមហ៊ុនឱសថខ្នាតយក្សរបស់ប្រទេសស្វីស Roche បានឲ្យដឹងនៅថ្ងៃទី២២ ខែមេសានេះថា ខ្លួននឹងបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់ចំនួន ៥០ពាន់លានដុល្លារ នៅក្នុងទឹកដីសហរដ្ឋអាមេរិក សម្រាប់រយ:ពេល ៥ឆ្នាំខាងមុខ ដើម្បីចៀសផុតពីវិធានការពន្ធគយចុងក្រោយរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញសេចក្តីប្រកាសចុងក្រោយនេះ ត្រូវបានធ្វើឡើង នៅចំពេលដែលក្រុមហ៊ុនផលិតឱសថមួយនេះ កំពុងបង្ហាញពីការបេ្តជ្ញាចិត្តរបស់ខ្លួនចំពោះការវិនិយោគបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាពន្ធគយដែលដាក់ដោយរដ្ឋបាលរបស់លោក ត្រាំ ដែលកំពុងស្វែងរកការជំរុញការផលិតនៅក្នុងស្រុកបន្ថែម។

យ៉ាងណាមិញ បើតាមក្រមហ៊ុន Roche បានបង្ហាញឲ្យដឹងទៀតថា ចំពោះការវិនិយោគក្នុងចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ នឹងរួមបញ្ចូលទាំងការសាងសង់ថ្មី ដ៏ដូចជាការបង្កើននូវចំនួនផលិតកម្ម និងការពង្រីករោងចក្រដែលមានស្រាប់របស់ខ្លួនជាដើម។ ស្របពេលការវិនិយោគនេះ ក៏នឹងជួយបង្កើតការងារថ្មីៗ បានជាង ១២ ០០០ កន្លែងផងដែរ។

ទន្ទឹមនឹងនេះ នាយកប្រតិបត្តិលោក Thomas Schinecker បាននិយាយថា ការវិនិយោគថ្មីនេះ បានគូសបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ Roche ចំពោះសហរដ្ឋអាមេរិក ដែលបច្ចុប្បន្នក្រុមហ៊ុនរបស់ខ្លួន មានបុគ្គលិកសរុបចំនួន ២៥​ ០០០ នាក់ នៅទីតាំងផលិតទាំង ២៤ របស់ខ្លួន។

ជម្រាបជូនផងដែរថា ក្រៅតែពី Roche ក្រុមហ៊ុនផលិតឱសថស្វីសមួយផ្សេងទៀត គឺ Novartis នៅដើមខែនេះ បាននិយាយថា ខ្លួននឹងចំណាយប្រាក់ ២៣ពាន់លានដុល្លារ វិនិយោគនៅសហរដ្ឋអាមេរិក ខណៈពេលដែលក្រុមហ៊ុន Eli Lilly រួមជាមួយ Johnson & Johnson ក៏បានប្រកាសការវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ធំមួយ នាពេលថ្មីៗនេះផងដែរ៕