ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃ២៣ ខែមេសកន្លងទៅនេះ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការផ្តល់ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដល់ពលរដ្ឋអាមេរិកដែលសម្រេចចិត្តយកកូន ជាមួយនឹងប្រាក់រង្វាន់រហូតដល់ ៥ ០០០ដុល្លារ ដើម្បីកាត់បន្ថយការធ្លាក់ចុះនៃអត្រាកំណើតរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះសារព័ត៌មាន New York Post។
ជុំវិញការលើកឡើងរបស់លោក ត្រាំ បែបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានរបាយការណ៍ចុងក្រោយមួយ បានបង្ហាញថា សេតវិមានបច្ចុប្បន្ន កំពុងពិចារណាដាក់ចេញវិធានការថ្មីចុងក្រោយមួយ ដើម្បីផ្តល់រង្វាន់ជាសាច់ប្រាក់ដល់ស្រ្តីជាជនជាតិអាមេរិក ក្នុងការបង្កើតកូន និងរួមទាំងការផ្តល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។
យ៉ាងណាមិញ ដោយបាននិយាយប្រាប់ទៅកាន់កាសែត The Post ប្រធានាធិបតី លោក ត្រាំ បាននិយាយថា លោកពិតជាចាប់អារម្មណ៍ជាមួយនឹងគំនិតខ្លាំងនេះណាស់ ខណ:ពេលដែលមន្ត្រីសេតវិមាន ហាក់នៅមិនទាន់បានបញ្ជាក់អ្វីបន្ថែម ចំពោះផែនការនេះនៅឡើយនោះទេ។
គួរឲ្យដឹងថាអត្រាកំណើតនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះជាយូរមកហើយ ដោយឈានដល់កម្រិតទាបបំផុតមួយ នៅក្នុងឆ្នាំ២០២៣ ជាមួយនឹងចំនួនទារកមានតិចជាង ៣,៦ លាននាក់ដែលបានកើតនៅឆ្នាំនោះ ដែលធ្វើឲ្យគ្រួសារអាមេរិកមានកូនតិចជាង ២ នាក់ជាមធ្យម។
មិនតែប៉ុណ្ណោះ ចំនួនទារកសរុបដែលកើតមកនៅក្នុងឆ្នាំ២២០២៣ នោះ មានចំនួនតិចជាងទារកដែលបានកើតនៅក្នុងឆ្នាំ២០២២ ប្រហែល ៧៦ ០០០ នាក់ និងជាចំនួនទាបបំផុតមិនធ្លាប់មានក្នុងរយ:មួយឆ្នាំ គិតចាប់តាំងពីឆ្នាំ១៩៧៩ មក។
លើសពីនេះ អាយុរបស់ស្ត្រីដែលសម្រាលកូនបានចាប់ផ្តើមផ្លាស់ប្តូរគិតមកទល់ពេលនេះ ដោយអត្រាកំណើតក្នុងចំណោមមនុស្សវ័យជំទង់ និងស្ត្រីវ័យក្មេងមានការថយចុះខ្លាំង ខណៈស្ត្រីកាន់តែច្រើនដែលស្ថិតនៅក្នុងវ័យ ៣០ និង ៤០ឆ្នាំ កំពុងមានកូន៕