ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ពន្ធគយនាំចូល ១៤៥% ដែលបានដាក់លើប្រទេសចិននោះ អាចនឹងត្រូវកាត់បន្ថយយ៉ាងច្រើនវិញ ប្រសិនបើប្រទេសទាំងពីរអាចឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នានោះ ប៉ុន្តែវានឹងមិនអាចធ្លាក់មកនៅកម្រិត ០% នោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ថ្លែងប្រាប់ទៅកាន់អ្នកសារព័ត៌មាននៅក្នុងការិយាល័យ Oval កាលពីថ្ងៃទី២២ ខែមេសា លោក ត្រាំ បាននិយាយថា ១៤៥% គឺជាអត្រាពន្ធគយខ្ពស់ខ្លាំងណាស់ ហើយវានឹងមិនបន្តស្ថិតនៅក្នុងកម្រិតបែបនេះទៀតនោះទេ។ ដោយបន្ថែមពីលើនេះ ប្រធានាធិបតីអាមេរិក បានបង្ហាញសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន គឺនឹងអាចកាត់បន្ថយអត្រាពន្ធគយយ៉ាងច្រើនពីកម្រិតបច្ចុប្បន្ន។
លោក ត្រាំ បានបន្តទៀតថា ប្រទេសចិន ចាំបាច់ត្រូវតែធ្វើកិច្ចព្រមព្រៀង ប្រសិនបើខ្លួនបន្តចង់ធ្វើជំនួញនៅសហរដ្ឋអាមេរិកទៀតនោះ។ ហើយប្រសិនបើពួកគេមិនចង់ធ្វើទេនោះ សហរដ្ឋអាមេរិក នឹងមានកិច្ចព្រមព្រៀងថ្មីបន្ថែមទៀត។
បន្ទាប់ពីបានដំឡើងពន្ធគយជាច្រើនលើកច្រើនសារមក ពន្ធនាំចូលសរុបរបស់សហរដ្ឋអាមេរិកដែលបានអនុវត្តចំពោះទំនិញរបស់ចិនទាំងអស់បានកើនឡើងដល់ ១៤៥% ស្របពេលផលិតផលរបស់ចិនខ្លះ ជាប់ពន្ធដល់ទៅ ២៤៥% ឯណោះ។ ហើយជាមួយគ្នានេះ ប្រទេសចិន ក៏បានឆ្លើយតបវិញផងដែរជាមួយនឹងការដាក់ពន្ធគយសងសឹក ១២៥% លើទំនិញរបស់សហរដ្ឋអាមេរិក ស្របពេលភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតទាំងពីរ បានអង្រួនពិភពលោក ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
ជម្រាបជូនផងដែរថា យោងតាមលេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា ប្រទេសជាង ១០០ ហើយ បានទាក់ទងមកសហរដ្ឋអាមេរិកដើម្បីចរចា បន្ទាប់ពីលោក ត្រាំ បានប្រកាសអំពីពន្ធគយទៅវិញទៅមកកាលពីដើមខែនេះ។ ក្នុងចំណោមនោះ មានដៃគូចំនួន ១៨ បានស្នើឲ្យមានកិច្ចព្រមព្រៀង ខណ:មន្ត្រីកំពូលៗមកពីប្រទេសជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង សហភាពអឺរ៉ុប កាណាដា និងម៉ិកស៊ិក សុទ្ធតែបានជួបពិភាក្សាជាមួយសហរដ្ឋអាមេរិក រួចរាល់ហើយ៕