ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបង្ហាញពីបំណងចង់ជួបប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅពេលដែលមេដឹកនាំប្រទេសទាំងពីរគ្រោងនឹងចូលរួមពិធីបុណ្យសពរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស នៅឯបុរីវ៉ាទីកង់ ចុងសប្តាហ៍នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
ពិធីបុណ្យសពរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា នៅបុរីវ៉ាទីកង់ ខណ:មេដឹកនាំកំពូលៗពិភពលោកជាច្រើន រួមទាំងប្រធានាធិបតីអាមេរិក និងប្រធានាធិបតីអ៊ុយក្រែន សុទ្ធសឹងតែបានប្រកាសថាពួកគេនឹងចូលរួមនៅក្នុងពិធីនេះផងដែរ។
យ៉ាងណាមិញ ដោយថ្លែងប្រាប់ទៅកាន់អ្នកយកព័ត៌មាននៅទីក្រុងគៀវកាលពីថ្ងៃទី២២ ខែមេសា ជុំវិញលទ្ធភាពជួបជាមួយប្រធានាអាមេរិក នៅក្នុងពិធីបុណ្យសម្តេចប៉ាប លោក Zelensky បាននិយាយថា ៖”ពិតមែនហើយ ខ្ញុំចង់ជួបលោក ត្រាំ ហើយខ្ញុំត្រៀមខ្លួនរួចជាស្រេចហើយ។ យើងតែងតែត្រៀមខ្លួនជានិច្ច ដើម្បីជួបជាមួយដៃគូសហរដ្ឋអាមេរិករបស់យើង” ។
ជុំវិញសំណើរបស់លោក Zelensky នេះ បានកើតឡើងនៅត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានថាលោកត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការបោះបង់ចោលកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់កិច្ចចរចាសន្តិភាព ក្នុងប្រទេសអ៊ុយក្រែន ប្រសិនបើភាគីទាំងពីរមិនឈានដល់កិច្ចព្រមព្រៀងជាមួយគ្នា ក្នុងពេលឆាប់ៗខាងមុខទេនោះ។
ជាមួយគ្នានេះ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានដកស្រង់ប្រភពដែលមិនបញ្ចេញឈ្មោះមួយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានត្រៀមលក្ខណៈដើម្បីបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងមូស្គូ និងទទួលស្គាល់ឧបទ្វីបគ្រីមៀជាទឹកដីរបស់រុស្ស៊ី ដើម្បីជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពនេះ។ ប៉ុន្តែទន្ទឹមនឹងនោះ លោក Zelensky បាននិយាយថា អ៊ុយក្រែន នឹងមិនទទួលស្គាល់ការគ្រប់គ្រងរបស់រុស្ស៊ីលើឧបទ្វីបនេះជាដាច់ខាត៕