ណែនាំឲ្យស្គាល់បុរសម្នាក់ ដែលអមដំណើរនាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន មកកាន់ទឹកដីកម្ពុជា

អន្តរជាតិ

កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីនៃប្រទេសថៃ បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយ:ពេល ២ថ្ងៃ តបតាមការអញ្ជើញជាពិសេស របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយនឹងការមកដល់នៃទឹកទឹកព្រះរាជាណាចក្រកម្ពុជានោះ លោកស្រី ផែថងថាន ក៏ត្រូវបានគេសង្កេតឃើញថាមានការអមដំណើរមកជាមួយស្ថាមីរបស់លោកស្រីផងដែរ ដែលធ្វើឲ្យមហាជនហាក់មានភាពភ្ញាក់ផ្អើលខ្លាំង ជាពិសេសជាមួយកម្ពស់ដ៏ទាក់ទាញ របស់លោកផ្ទាល់តែម្តង។

ជុំវិញវត្តមានដ៏គួរឲ្យចាប់អារម្មណ៍របស់ស្វាមីលោកស្រី ផែថងថាន មកកាន់ទឹកដីកម្ពុជា ថ្ងៃនេះយើងសូមណែនាំឲ្យស្គាល់ពីប្រវត្តិខ្លះៗ របស់លោក Pitaka Suksawat ឲ្យប្រិយមិត្តបានដឹង៖

លោក Pitaka Suksawat កើតនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៨២ នៅស្រុក Khanom ខេត្ត Nakhon Si Thammarat ប្រទេសថៃ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្មមេកានិក ពីមហាវិទ្យាល័យវិស្វកម្ម នៅក្នុងសកលវិទ្យាស្ថានបច្ចេក King Mongkut’s Technology Ladkrabang ក្នុងទីក្រុងបាងកក។ បន្ទាប់ពីបញ្ចប់ការសិក្សា លោក Pitaka បានចូលបម្រើការជាអ្នកបើកយន្តហោះរបស់កងទ័ពអាកាស Royal Thai Air Force អស់មួយរយៈពេល។

ដោយមានទំនាក់ទំនងនៅក្នុងជួររដ្ឋាភិបាលស្រាប់ លោក Ptaka និងលោកស្រី ផែថងថាន ត្រូវបានណែនាំឲ្យស្គាល់គ្នា ដោយលោក Khanapoj Joemrith ដែលត្រូវជាបងប្អូនជីដូនមួយរបស់ Pitaka និងជាមិត្តជិតស្និទ្ធរបស់លោកស្រី ផែថងថាន​ ។ លោក Khanapoj ធ្លាប់ធ្វើជាប្រធានគណបក្ស Thai Raksa Chart ដែលបច្ចុប្បន្នត្រូវបានរំសាយចោលហើយ។

ក្រោយ​ទាក់ទង​គ្នា​បាន​២​ឆ្នាំ គូស្នេហ៍​មួយ​គូ​នេះ​ បាន​សម្រេចចិត្តរៀបការ​ជាមួយគ្នា នៅ​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៩។ ប្តីប្រពន្ធមួយគូនេះមានកូនពីរនាក់ កូនស្រីម្នាក់ឈ្មោះ Thitara Suksawat និងកូនប្រុសម្នាក់ ឈ្មោះ Phrutthasin Suksawat ។

គួរឲ្យដឹងផងដែរថា លោក Pitaka ក៏ធ្លាប់បានធ្វើការជាអ្នកបើកយន្តហោះជាមួយក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មមួយផងដែរ មុនពេលប្តូរមករកស៊ីផ្នែកអចលនទ្រព្យ និងឡើងធ្វើជាអនុប្រធានផ្នែកវិនិយោគ នៅក្នុងក្រុមហ៊ុន Rende Development Co., Ltd។ ហើយលោកក៏ជាសមាជិកនៃគណៈកម្មាធិការមូលនិធិ Thaicom មុនពេលមកចូលបម្រើការងារជួយប្រពន្ធរបស់លោក ទាំងក្នុងកិច្ចការជំនួញ និងនយោបាយ។

ជម្រាបជូនផងដែរថា តាមរយ:មុខជំនួញជាច្រើន នៅក្នុងការប្រកាសទ្រព្យសម្បត្តិឆ្នាំ២០២៤​ កន្លងទៅ លោក Pitaka Suksawat បានបង្ហាញនូវបណ្តុំនៃនាឡិកាប្រណីតៗដែលមានតម្លៃប្រមាណ ៦៩លានបាត (ប្រហែល ២លានដុល្លារអាមេរិក) និងចិញ្ចៀនពីរវង់មានតម្លៃ ៣សែនបាត (ឬប្រហែល ៨ ៥០០ដុល្លារ) ។ ចំពោះទ្រព្យសម្បត្តិសរុបរបស់ Pitaka ត្រូវបានគេប៉ាន់ប្រមាណថាមានលើសពី ១៤៧លានបាត (ប្រហែល ៤,៣លានដុល្លារអាមេរិក)៕