យោងតាម Delivery Hero ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារដ៏ពេញនិយមបំផុត ដែលត្រូវបានគេស្គាល់ឈ្មោះថា Foodpanda នឹងត្រូវបិទដំណើរការសេវាកម្មចែកចាយម្ហូបអាហារ និងគ្រឿងទេសរបស់ខ្លួន នៅក្នុងប្រទេសថៃ ចាប់ពីថ្ងៃទី២៣ ខែឧសភា តទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។
ជុំវិញការសម្រេចចិត្តដកខ្លួនចេញឈប់រកស៊ី នៅក្នុងប្រទេសថៃនេះ គឺត្រូវបានធ្វើឡើង ដោយក្រុមហ៊ុនមេ Delivery Hero ដែលមានមូលដ្ឋាននៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ នៅក្នុងេហតុផលថា នេះជាការផ្លាស់ប្តូរយុទ្ធសាស្រ្ត និងដើម្បីបង្កើនប្រសិទ្ធភាពចំពោះវត្តមានជាសកលរបស់ខ្លួន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផ្សេងទៀត។
គួរឲ្យដឹងផងដែរថា ការសម្រេចចិត្តរបស់ក្រុមហ៊ុន Delivery Hero ក្នុងការបិទអាជីវកម្ម Foodpanda នៅក្នុងប្រទេសថៃនេះ គឺត្រូវបានធ្វើឡើងក្នុងហេតុផលដូចគ្នា នៅក្នុងប្រទេសដូចជាដាណឺម៉ាក ហ្គាណា ស្លូវ៉ាគី និងស្លូវេនី ផងដែរ។
មិនតែប៉ុណ្ណោះ សេចក្តីថ្លែងការណ៍ខាងលើបានបន្ថែមទៀតថា ក្រុមហ៊ុន Delivery Hero បានបង្ហាញការអរគុណចំពោះបុគ្គលិក អតិថិជន ដៃគូ និងអ្នកដឹកជញ្ជូនក្នុងប្រទេសថៃ ដែលតែងតែគាំទ្រ Foodpanda ក្នុងពេលកន្លងមកនេះ។
ជម្រាបជូនផងដែរថា ជុំវិញការបញ្ឈប់អាជីវកម្មនេះ ដោយសារតែ Foodpanda បាននឹងកំពុងជួបការលំបាកខ្លាំងក្នុងទីផ្សារចែកចាយម្ហូបអាហារក្នុងប្រទេសថៃ ដែលមានការប្រកួតប្រជែងខ្លាំងដោយមានចំណែកអតិថិជនតិចជាង ១៥% ប៉ុណ្ណោះ និងជាប់ចំណាត់ថ្នាក់ទីបីដាច់ឆ្ងាយបន្ទាប់ពីក្រុមហ៊ុន Lineman Wongnai (មានចំណែក ៤៤%) និង GrabFood (មានចំណែក ៣៩,៤%)៕