យោងតាមកាសែត Wall Street Journal បានបង្ហាញឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងស្ថិតនៅក្នុងការពិចាណារក្នុងការកាត់បន្ថយពន្ធលើទំនិញរបស់ប្រទេសចិនរហូតដល់ជាងពាក់កណ្តាល ប៉ុន្តែបើតាមប្រភពមួយផ្សេងទៀតពី CNBC បាននិយាយថារឿងនេះអាចកើតឡើងមានបាន លុះត្រាតែភាគីខាងចិនក៏យល់ពន្ធក្នុងការកាត់បន្ថយរបាំងពាណិជ្ជកម្មរបស់ខ្លួន ផងដែរ។
ប្រភពដដែលនេះ បានឲ្យដឹងទៀតថា មន្ត្រីជាន់ខ្ពស់សេតវិមាន បាននិយាយថាពន្ធគយលើទំនិញរបស់ចិន អាចនឹងត្រូវបានកាត់បន្ថយពីកម្រិត ១៤៥% មកនៅប្រហែល ៥០% ទៅ៦០% វិញ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រភពបាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហាក់នៅមិនទាន់បានធ្វើការសម្រេចចិត្តចុងក្រោយនៅឡើយទេ ស្របពេលកិច្ចពិភាក្សានៅតែបន្ត ហើយជម្រើសផ្សេងៗជាច្រើន ក៏កំពុងត្រូវបានលើកយកពិចារណាផងដែរ។
ដោយផ្តល់បទសម្ភាសជាមួយ CNBC មន្ត្រីសេតវិមានបាននិយាយថា ការកាត់បន្ថយពន្ធត្រូវតែមានលក្ខណៈទ្វេភាគី ដែលនោះមានន័យថាប្រទេសចិន ក៏នឹងត្រូវកាត់បន្ថយរបាំងពាណិជ្ជកម្មរបស់ពួកគេ ផងដែរ។
ជាមួយគ្នានេះ ក្រុមវិនិយោគិនមានសុទិដ្ឋិនិយម ថាភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនបង្ហាញកំពុងតែបង្ហាញពីសញ្ញាធូរស្រាលវិញហើយ បន្ទាប់ពីលោកប្រធានាធិបតី លោក ត្រាំ បាននិយាយថារូបលោក មិនមានចេតនាក្នុងការបណ្តេញប្រធានធនាគារកណ្តាលអាមេរិក លោក Jerome Powell ចេញពីតំណែងនោះឡើយ។
ជម្រាបជូនថា កាលពីថ្ងៃទី២២ ខែមេសា លោក ត្រាំ បាននិយាយថា ពន្ធនាំចូលនាពេលបច្ចុប្បន្នលើទំនិញចិនទាំងអស់អាចត្រូវបានកាត់បន្ថយយ៉ាងខ្លាំង ប្រសិនបើភាគីទាំងពីរអាចឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នានោះ។ តែទោះយ៉ាងណាក៏ដោយ ពន្ធគយនឹងមិនត្រូវបានកែសម្រួលទៅកម្រិតសូន្យនោះឡើយ៕