ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើងប្រហែល ៥% នៅក្នុងការជួយដូរចុងក្រោយ កាលពីថ្ងៃពុធកន្លងទៅ បន្ទាប់ពីមហាសេដ្ឋី Elon Musk បាននិយាយថា លោកនឹងចំណាយពេលតិចជាងមុន ដើម្បីធ្វើការឲ្យរដ្ឋបាលសហអាមេរិក និងងាកមកផ្តោតលើមុខជំនួញ ជាពិសេសក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ខ្លួនវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
យ៉ាងណាមិញ ការចូលរួមរបស់លោក Musk នៅក្នុងនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល ឬហៅកាត់ថា DOGE ដែលជាអង្គភាពសង្កត់ធ្ងន់ទៅលើការសន្សំសំចៃការចំណាយ តាមរយ:ការកាត់បន្ថយការងាររបស់សហព័ន្ធ និងការបិទស្ថាប័នរដ្ឋធំៗជាច្រើននោះ បានបង្ករឲ្យមានប្រតិកម្មជាសាធារណ: និងការខឹងសម្បារយ៉ាងខ្លាំងក្លាពីសំណាក់ក្រុមប្រឆាំង រហូតនាំឲ្យកើតមានការតវ៉ា និងការបំផ្លិចបំផ្លាញនៅបន្ទប់តាំងបង្ហាញរថយន្ត Tesla ផងដែរ។
តាមរយ:តួនាទីរបស់លោក Musk នៅក្នុងជួររដ្ឋាភិបាលនេះ បានធ្វើឲ្យម៉ាកយីហោ Tesla ធ្លាក់ចុះនូវប្រជាប្រិយភាពយ៉ាងខ្លាំង បន្ទាប់ពីការលក់នៅក្នុងត្រីមាសទីមួយរបស់ខ្លួន បានថយចុះអស់រហូតដល់ ២៥% លើសពីការរំពឹងទុក និងការធ្លាក់ចុះនៃប្រាក់ចំណេញសុទ្ធសរុប រហូតដល់ ៧១% ផងដែរ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះ លោក Musk បាននិយាយថាលោក នឹងកាត់បន្ថយការងាររបស់ខ្លួន សម្រាប់ប្រធានាធិបតីលោក ដូណាល់ ត្រាំ តិចជាងមុន ដើម្បីអាចមានពេលវេលាគ្រប់គ្រាន់ ក្នុងការស្តារក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ខ្លួនឡើងវិញ។
ជាមួយគ្នានេះ បើតាមលោក Chris Beauchamp អ្នកវិភាគនៅវេទិកាពាណិជ្ជកម្មអនឡាញ IG បាននិយាយថា ក្រុមវិនិយោគិន អាចដកដង្ហើមបានធូរស្រាលបន្តិចវិញហើយ ខណៈពេលដែល Elon Musk បាននិយាយថាលោកនឹងចាកចេញពីអង្គភាព DOGE នៅខែក្រោយ ដែលអាចបន្ធូរបន្ថយសម្ពាធមួយចំនួនលើម៉ាកយីហោ Tesla ៕