ការិយាល័យស៊ើបអង្កេតសហព័ន្ធ ហៅកាត់ FBI បាននិយាយនៅក្នុងរបាយការណ៍មួយដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃទី២៣ ខែមេសាថា ការខាតបង់កើឡើងដោយសារតែឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត បានធ្វើឲ្យជនរងគ្រោះទូទាំងពិភពលោកខាតបង់ទឹកប្រាក់អស់ច្រើនជាង ១៦ពាន់លានដុល្លារ កាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ជុំវិញការខាតបង់នេះបានកើនឡើងដល់មួយភាគបីជាងឆ្នាំ២០២៣ ដោយភាគច្រើនត្រូវបានជំរុញដោយ ការបោកប្រាស់បច្ចេកវិទ្យាកម្រិតទាប ដូចជាករណីអ្នកវិនិយោគដែលត្រូវបានបោកប្រាស់លុយតាមអ៊ីនធឺណិត ឬបុគ្គលិកក្រុមហ៊ុនដែលត្រូវបានបោកបញ្ឆោតដោយអ៊ីម៉ែលក្លែងក្លាយ ក្នុងការផ្ទេរប្រាក់យ៉ាងច្រើន ទៅកាន់គណនីធនាគាររបស់ឧក្រិដ្ឋជន ជាដើម។ FBI ក៏បានបង្ហាញឲ្យដឹងពីវិធីបោកប្រាស់ផ្សេងទៀត ដូចជាការគាំទ្រផ្នែកបច្ចេកវិទ្យា និងការបោកប្រាស់ស្នេហា ក៏បណ្តាលឲ្យមានការខាតបង់រាប់រយលានដុល្លារ ផងដែរ។
មិនតែប៉ុណ្ណោះ ការិយាល័យនេះបាននិយាយទៀតថា តួលេខនៃការបោកប្រាស់នេះ ត្រូវបានប្រមូលដោយមជ្ឈមណ្ឌលបណ្តឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតរបស់ FBI ផ្ទាល់ ដែលវាបានក្លាយជាកន្លែងបោសសម្អាត សម្រាប់របាយការណ៍នៃការក្លែងបន្លំ និងការលួចចូលតាមប្រព័ន្ធឌីជីថល ហើយបានទាក់ទាញពាក្យបណ្តឹងសរុបជិត ៨៦០ ០០០ ករណី ។
ជម្រាបជូនផងដែរថាា ការខាតបង់ពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត គឺពិបាកគណនាខ្លាំងណាស់ ខណ:តួលេខដែលបញ្ចេញដោយ FBI នេះ គ្រាន់តែជាចំនួនមួយផ្នែកប៉ុណ្ណោះ ដោយការិយាល័យបានទទួលស្គាល់ថាការគណនានេះ គឺនៅមិនទាន់ពេញលេញនៅឡើយទេ។ ហើយយ៉ាងណាមិញ ស្របពេលដែលពាក្យបណ្តឹងដែលប្រមូលដោយ FBI គឺទទួលបានពីជុំវិញពិភពលោក ប៉ុន្តែពាក្យបណ្តឹងមួយផ្នែកធំគឺត្រូវបានដាក់នៅសហរដ្ឋអាមេរិក៕