សេដ្ឋកិច្ចរបស់ពិភពលោក ត្រូវបានព្យាករថានឹងកើនឡើងត្រឹមតែ ២,៨% ប៉ុណ្ណោះនៅឆ្នាំនេះ ដែលជាកម្រិតទាបបំផុតមិនធ្លាប់មាន ពោលគឺចាប់តាំងពីមានជំងឺរាតត្បាតសកលមក ខណ:ពេលដែលប្រទេសមហាយក្សសេដ្ឋកិច្ចធំជាងគេទាំងពីរ គឺសហរដ្ឋអាមេរិក និងចិន ក៏ត្រូវបានគេព្យាករថាកំណើនសេដ្ឋកិច្ចរបស់ពួកគេនឹងមានការធ្លាក់ចុះផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
កាលពីថ្ងៃទី២២ ខែមេសា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានចេញផ្សាយពីការធ្វើបច្ចុប្បន្នភាពនៃរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចរបស់ខ្លួន។ នៅក្នុងនោះ ស្ថាប័ននេះបានបន្ទាបការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះពី ៣,៣% មកនៅត្រឹម ២,៨% ដែលជាកម្រិតទាបបំផុតចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតកូវីដ-១៩ មក។ ជុំវិញហេតុផលនៃការបន្ទាប់នេះ គឺកើនឡើងដោយភាពមិនច្បាស់លាស់ខាងគោលនយោបាយ និងការកើនឡើងនៃភាពតានតឹងពាណិជ្ជកម្មនៅទូទាំងពិភពលោក។ កាលពីឆ្នាំមុន GDP ពិភពលោកបានកើនឡើង ៣,៣% ។
ដោយឡែកប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក ក៏បានឃើញការព្យាករកំណើនសេដ្ឋកិច្ចរបស់ពួកគេ ធ្លាក់ចុះនៅឆ្នាំនេះផងដែរ។ GDP របស់អាមេរិក ឥឡូវនេះត្រូវបានគេព្យាករថានឹងកើនឡើងត្រឹមតែ ១,៨% ពោលគឺធ្លាក់ចុះពី ២,៨% កាលពីឆ្នាំមុន។
សម្រាប់ប្រទេសចិនវិញ IMF បានកាត់បន្ថយការព្យាករកំណើនរបស់ខ្លួនសម្រាប់ប្រទេសមហាអំណាចមួយនេះ មកត្រឹម ៤% សម្រាប់ទាំងឆ្នាំនេះ និងឆ្នាំក្រោយ ពោលគឺធ្លាក់ចុះពី ៤,៦% ដែលត្រូវបានព្យាករ កាលពីក្នុងខែមករាកន្លងទៅ។
ជម្រាបជូនផងដែរថា ចាប់តាំងពីចូលកាន់តំណែងមក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ពន្ធនាំចូល ១៤៥% លើទំនិញទាំងអស់របស់ចិន ខណ:ផលិតផលខ្លះអាចជាប់ពន្ធដល់ ២៤៥% ទៀតផង។ ហើយដើម្បីជាការឆ្លើយតបទៅវិញ ប្រទេសចិនបានដាក់ពន្ធ ១២៥% លើទំនិញរបស់សហរដ្ឋអាមេរិក ដែលបណ្តាលឲ្យនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោកស្ទើតែជាប់គាំង៕