ក្រុមហ៊ុនយក្សវៀតណាម VinFast គ្រោងបើកដំណើរការរោងចក្រនៅឥណ្ឌា និងឥណ្ឌូណេស៊ី ក្នុងឆ្នាំនេះ

អន្តរជាតិ

យោងតាមប្រធានក្រុមហ៊ុន VinFast បានបង្ហាញនិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលំដាប់កំពូលរបស់វៀតណាម គ្រោងនឹងបើកដំណើរការរោងចក្រដំឡើងរថយន្តរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌា នៅខែមិថុនា និងមួយទៀត នៅក្នុងប្រទេសឥណ្ឌូណេស៊ី នៅក្នុងខែតុលាខាងមុខ ដើម្បីព្យាយាមបង្កើនចំណែកទីផ្សារនៅក្នុងតំបន់អាស៊ីបន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដំបូងឡើងក្រុមហ៊ុន VinFast មានគម្រោងផ្តោតសំខាន់តែលើទីផ្សារអាមេរិក សម្រាប់ការលក់រថយន្តអគ្គិសនីនៅក្រៅប្រទេសរបស់ខ្លួន ប៉ុន្តែដោយសារតែមានការវិវឌ្ឍន៍យឺតយ៉ាវ នៅក្នុងទឹកដីសហរដ្ឋអាមេរិក និងសូម្បីតែមុនពេលមានការកើនឡើងនៃភាពមិនច្បាស់លាស់ដែលបណ្តាលមកពីវិធានការពន្ធគយរបស់លោក ដូណាល់ ត្រាំ ផងដែរនោះ បានជំរុញឲ្យក្រុមហ៊ុនផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ខ្លួនយ៉ាងឆាប់រហ័សវិញ។

មហាសេដ្ឋីមានដាច់គេបំផុតរបស់វៀតណាម លោក Pham Nhat Vuong បានប្រាប់ទៅកាន់ម្ចាស់ភាគហ៊ុន VinGroup ដែលជាក្រុមហ៊ុនមេរបស់ VinFast ថា៖”​​ ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ ក្រៅពីទីផ្សារវៀតណាម យើងនឹងផ្តោតលើទីផ្សារឥណ្ឌូណេស៊ី ឥណ្ឌា និងហ្វីលីពីនបន្ថែមទៀត”។

លោក Pham Nhat Vuong បានបន្ថែមទៀតថា នៅពេលនេះ VinFast មិនមានគម្រោងជំរុញការលក់នៅសហរដ្ឋអាមេរិក កាណាដា និងសហភាពអឺរ៉ុបនោះទេ ដោយសារថ្លៃដឹកជញ្ជូនខ្ពស់ពេក។

គួរឲ្យដឹងថាកាលពីឆ្នាំមុន VinFast និងរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា បានយល់ព្រមធ្វើការឆ្ពោះទៅរកការវិនិយោគរហូតដល់ ២ពាន់លានដុល្លារ ជាមួយនឹងការប្តេជ្ញាចិត្តចំនួន ៥០០លានដុល្លារបន្ថែមទៀតសម្រាប់រយៈពេល ៥ឆ្នាំដំបូងនៃគម្រោងសាងសង់រោងចក្រថ្មីមួយដែលមានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំរហូតដល់ ១៥០ ០០០ គ្រឿង។

មិនតែប៉ុណ្ណោះ កាលពីខែកក្កដាឆ្នាំមុន VinFast ក៏បានបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តថ្មីមួយនៅឥណ្ឌូណេស៊ីផងដែរ ខណ:លោក Vuong នៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាក់យ៉ាងច្បាស់ថាវានឹងបើកដំណើរការនៅក្នុងខែតុលា ខាងមុខ៕