មហាសេដ្ឋី​វិនិយោគម្នាក់ ថាក្នុងពេលមួយខែ អាមេរិកកំពុងក្រីក្រជាងមុន ២០%

អន្តរជាតិ

មហសេដ្ឋីមកពីគណបក្សសាធារណរដ្ឋ លោក Ken Griffin បាននិយាយកាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិកបានក្លាយទៅជាប្រទេសក្រីក្រជាងមុន ២០% ក្នុងរយៈពេលត្រឹមតែ ៤សប្តាហ៍កន្លងមកនេះ ដោយផ្នែកតាមការប្រៀបធៀបរវាងតម្លៃប្រាក់ដុល្លារ ទៅនឹងប្រាក់អឺរ៉ូ។ នេះបើតាមការចុះផ្សាយពី AP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Ken Griffin ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិនៃមូលនិធិការពារហានិភ័យឈានមុខគេរបស់សហរដ្ឋអាមេរិក Citadel បានធ្វើការលើកឡើងចំៗបែបនេះ អំឡុងពេលបទសម្ភាសខ្លីមួយ នៅឯវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៥ កាលពីថ្ងៃទី២៤ ខែមេសាកន្លងទៅ។

គួរឲ្យដឹងថាមហាសេដ្ឋីដែលជាម្ចាស់ជំនួយរយ:ពេលវែងមកពីបក្សសាធារណរដ្ឋរូបនេះ បាននិយាយថាការដំឡើងពន្ធរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លើដៃគូពាណិជ្ជកម្មជាច្រើន បានធ្វើឲ្យតម្លៃប្រាក់ដុល្លារធ្លាក់ចុះយ៉ាងខ្លាំង ធៀបនឹងប្រាក់អឺរ៉ូ។ យ៉ាងណាមិញ សន្ទស្សន៍តម្លៃប្រាក់ដុល្លារបានធ្លាក់ចុះជាង ៩% គិតចាប់តាំងពីដើមឆ្នាំ២០២៥ នេះមក។

លោក Griffin បានបន្ថែមទៀតថា ការធ្លាក់ចុះនៃប្រាក់ដុល្លារ បានកើតឡើងចំពេលមានការផ្លាស់ប្តូរគោលនយោបាយសេដ្ឋកិច្ច និងការខូចខាតដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសសម្រាប់ស្ថិរភាព ខណៈដែលប្រធានាធិបតី លោក ត្រាំ បានប៉ះទង្គិចជាមួយប្រធានធនាគារកណ្តាលអាមេរិក លោក Jerome Powell ពាក់ព័ន្ធទៅនឹងអត្រាការប្រាក់ ផងដែរ។

លោក Griffin បាននិយាយថា ៖ “យើងកំពុងតែធ្វើឲ្យកេរ្តិ៍ឈ្មោះប្រទេសជាតិរបស់យើង ស្ថិតក្នុងហានិភ័យ។ វាអាចនឹងចំណាយពេលពេញមួយជីវិត ដើម្បីជួសជុលការខូចខាតនេះឡើងវិញ”។

បន្ថែមពីនេះ លោក Griffin ក៏បានច្រានចោលនូវការយល់ឃើញរបស់លោក ត្រាំ ដែលថាក្រុមហ៊ុនផលិតបរទេសនឹងប្រណាំងប្រជែងដើម្បីមកសាងសង់រោងចក្រថ្មី នៅសហរដ្ឋអាមេរិក បន្ទាប់ពីមានការដាក់ពន្ធគយមក។ ខណ:មហាសេដ្ឋីរូបនេះ បាន​ពន្យល់វិញ​ថា​សេណារីយ៉ូ​នោះ​នឹង​មិន​អាចកើត​ឡើងបាន​ទេ ដោយសារ​តែ​គោលនយោបាយ​ខុស​ប្រក្រតី ដែល​បំផ្លាញ​ដល់គោល​បំណង​របស់​រដ្ឋាភិបាល។

ជម្រាបជូនថា លោក Ken Griffin បច្ចុប្បន្នវ័យ ៥៦ឆ្នាំ មានទ្រព្យសម្បត្តិសរុបប្រមាណ ៤២,៣ពាន់លានដុល្លារ ដោយជាប់ចំណាត់ថ្នាក់លេខ៣៥ ក្នុងបញ្ជីអ្នកមានដាច់គេលើលោករបស់ Forbes។ Citadel Securities ដែលលោកបានបង្កើតឡើង គឺជាក្រុមហ៊ុនបង្កើតទីផ្សារដ៏ធំបំផុតមួយនៅក្នុងសហរដ្ឋអាមេរិក ដែលគ្រប់គ្រងប្រតិបត្តិការប្រហែល ២០% នៅលើទីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិក។ លោក Griffin ក៏មានភាគហ៊ុនធំនៅក្នុងក្រុមហ៊ុនខ្នាតយក្សដូចជា Amazon, Meta និង Tesla ផងដែរ៕