យោងតាមសារព័ត៌មាន Reuters បានចុះផ្សាយនៅថ្ងៃទី២៥ ខែមេសានេះថា ប្រទេសចិន កំពុងស្ថិតនៅក្នុងការពិចារណាលើកលែងទំនិញរបស់សហរដ្ឋអាមេរិកមួយចំនួន ពីការដាក់ពន្ធនាំចូល ១២៥% របស់ខ្លួន។
ប្រភពដដែលនេះ បានបន្តទៀតថា ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន កំពុងរៀបចំបញ្ជីឈ្មោះផលិតផល និងស្នើឲ្យក្រុមហ៊ុនអាជីវកម្មនានាផ្តល់យោបល់លើទំនិញណាមួយ ដែលអាចទទួលបានការលើកលែងបាន។
ជាមួយគ្នាននេះ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន ក៏កំពុងរាយការណ៍ឲ្យដឹងថា បញ្ជីឈ្មោះផលិតផលចំនួន ១៣១ ប្រភេទ របស់សហរដ្ឋអាមេរិក ទំនងជាត្រូវបានលើកលែងពីពន្ធគយនាំចូល ១២៥% នេះ ដោយក្នុងនោះរួមមានវ៉ាក់សាំង សារធាតុគីមី និងប្រេងឥន្ធន: ជាដើម។
គួរឲ្យដឹងផងដែរថា នៅពាក់កណ្តាលខែនេះ សហរដ្ឋអាមេរិកក៏បានលើកលែងចំពោះស្មាតហ្វូន កុំព្យូទ័រយួរដៃ បន្ទះឈីបអង្គចងចាំ និងឧបករណ៍អេឡិចត្រូនិកជាច្រើនប្រភេទទៀត ពីប្រទេសចិនពីការដាក់ពន្ធ ១៤៥% របស់ខ្លួនផងដែរ។
ជម្រាបជូនថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនបានកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ ឥឡូវនេះ សហរដ្ឋអាមេរិកបានដាក់ពន្ធនាំចូលរហូតដល់ ១៤៥% លើផលិតផលទាំងអស់ពីប្រទេសចិន។ មិនតែប៉ុណ្ណោះ ទំនិញខ្លះទៀតរបស់ចិន ថែមទាំងត្រូវបង់ពន្ធដល់ ២៤៥% ផងដែរ។ ជាមួយគ្នានេះ ប្រទេសចិន ក៏បានសងសឹកជាមួយនឹងការដាក់ពន្ធនាំចូល ១២៥% លើទំនិញរបស់សហរដ្ឋអាមេរិក៕