ការលក់រថយន្តរបស់ Tesla នៅអឺរ៉ុប បន្តធ្លាក់ចុះកាន់តែខ្លាំង នៅក្នុងខែមីនា

អន្តរជាតិ

យោងតាមតួលេខពីសមាគមក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប (ACEA) បានចេញផ្សាយកាលពីថ្ងៃទី២៤ ខែមេសាថា ការលក់រថយន្ត Tesla នៅក្នុងសហភាពអឺរ៉ុប បានធ្លាក់ចុះ ៣៦% នៅក្នុងខែមីនា ឆ្នាំ២០២៥ បើធៀបទៅនឹងរយ:ពេលដូចគ្នា​ កាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ បានលក់រថយន្តចេញសរុបត្រឹមតែ ២៦ ១៦៧ គ្រឿងប៉ុណ្ណោះ ក្នុងរយ:ពេល ៣ខែដំបូងនៃឆ្នាំនេះ បើធៀបទៅនឹងចំនួនលក់បាន ៦៥ ៧៧៤ គ្រឿង ក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំ២០២៤។

ជុំវិញការធ្លាក់ចុះយ៉ាង​គំហុក​នេះបានកើតឡើង ចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំងពីសំណាក់ក្រុមហ៊ុនរថយន្តអគ្គិសនីចិន ហើយ Tesla ក៏ហាក់កំពុងធ្លាក់ចុះនូវប្រជាប្រិយភាពយ៉ាងខ្លាំង ដែលបណ្តាលមកពី CEO របស់ក្រុមហ៊ុន គឺលោក Elon Musk ដែលកំពុងជាប់ដៃជាមួយឆាកនយោបាយ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ទំនាក់ទំនងរវាងលោក Musk និងលោក ត្រាំ​ ហាក់បង្ករឲ្យមានការបញ្ចេញមតិជាសាធារណ: ដោយមានការអំពាវនាវឲ្យធ្វើពហិការ និងការតវ៉ាប្រឆាំងទៅនឹងម៉ាកយីហោ Tesla ផងដែរ។

មិនតែប៉ុណ្ណោះ ការធ្លាក់ចុះជាង ៣០% នេះ បានធ្វើឲ្យចំណែកទីផ្សារនៅអឺរ៉ុបរបស់ Tesla ធ្លាក់ចុះមកនៅត្រឹមតែ ២% ប៉ុណ្ណោះ បើធៀបទៅនឹង ២,៩% កាលពីរយ:ពេល ១ឆ្នាំមុន។

ជម្រាបជូនផងដែរ ការចុះបញ្ជីរថយន្តអគ្គិសនីនៅក្នុងសហភាពអឺរ៉ុបបានកើនឡើង ១៧,១% នៅក្នុងខែមីនា ដែលជំរុញដោយតម្រូវការខ្លាំងនៅក្នុងប្រទេសអាល្លឺម៉ង់ បែលហ្ស៊ិក និងដាណឺម៉ាក ក៏ដូចជាការកើនឡើងបន្តិចបន្តួចនៅក្នុងប្រទេសអេស្ប៉ាញ និងអ៊ីតាលី ផងដែរ៕