ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់កូរ៉េខាងត្បូង Samsung Electronics ត្រូវបានរាយការណ៍ថា នឹងបោះទុនវិនិយោគបន្ថែម ក្នុងទំហំទឹកប្រាក់ប្រមាណ ១០ពាន់លានរូពី (១១៧លានដុល្លារ) នៅក្នុងរោងចក្ររបស់ខ្លួន ដែលស្ថិតនៅភាគខាងត្បូងប្រទេសឥណ្ឌា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ជុំវិញផែនការវិនិយោគចុងក្រោយនេះ ត្រូវបានធ្វើឡើង នៅក្នុងរោងចក្ររបស់ក្រុមហ៊ុន Samsung ដែលស្ថិតនៅជិតទីក្រុង Chennai បន្ទាប់ពីបានជួបរឿងរកាំរកូសជាច្រើន ដោយសារកម្មកររោងចក្របានធ្វើការតវ៉ាប្រឆាំង ជុំវិញការព្យួរការងារបុគ្គលិកជាច្រើន នៅក្នុងអំឡុងខែកុម្ភ:។
រំឭកផងដែរថា កាលពីខែកញ្ញាឆ្នាំមុន កម្មកររាប់រយនាក់បានធ្វើកូដកម្មរយៈពេលប្រាំសប្តាហ៍ នៅរោងចក្រនេះ ដោយស្វែងរកការដំឡើងប្រាក់ឈ្នួលខ្ពស់ និងការទទួលស្គាល់ពីសហជីព មុនពេលក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកខ្នាតយក្សកូរ៉េ យល់ព្រមដោះស្រាយការទាមទាររបស់កម្មករ។
ហើយយ៉ាងណាមិញ ជុំវិញការវិនិយោគទឹកប្រាក់បន្ថែមរបស់ក្រុមហ៊ុន Samsung នេះ មន្ត្រីក្រសួងឧស្សាហកម្មប្រចាំរដ្ឋ លោក T. R. B. Rajaa បាននិយាយនៅបណ្តាញសង្គម X ថា Samsung នឹងបន្ថែមការងារថ្មីៗចំនួន ១០០ កន្លែងទៀតដល់រោងចក្រនេះ។
ជម្រាបជូនផងដែរថា បច្ចុប្បន្ន រោងចក្ររបស់ក្រុមហ៊ុន Samsung នៅក្នុងប្រទេសឥណ្ឌានេះ មានបុគ្គលិកប្រមាណជាង ២ ០០០ នាក់ ដោយដំណើរការផលិតទូរទឹកកក ទូរទស្សន៍ និងម៉ាស៊ីនបោកគក់៕