ស្ថានទូតចិន ប្រចាំនៅសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានធ្វើការបដិសេធជុំវិញរបាយការណ៍ដែលថារដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងស្ថិតនៅក្នុងកិច្ចចរចាពន្ធគយ និងពាណិជ្ជកម្មជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីតោន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
នៅក្នុងការបង្ហោះសារមួយតាមរយ:ប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃទី២៦ ខែមេសា ស្ថានទូតចិន ប្រចាំនៅសហរដ្ឋអាមេរិក បានអះអាងថា គិតរហូតមកទល់ពេលនេះ នៅមិនទាន់មានការពិភាក្សា ឬការចរចាណាមួយរវាងចិន និងអាមេរិក ជុំវិញបញ្ហាពន្ធគយនៅឡើយនោះទេ។
មិនតែប៉ុណ្ណោះ ទីភ្នាក់ងារនេះ ក៏បានសង្កត់ធ្ងន់បន្ថែមទៀតថា សេចក្តីថ្លែងការណ៍ដែលនិយាយថាកិច្ចចរចាពន្ធគយកំពុងធ្វើឡើងរវាងចិន និងអាមេរិកនោះ គឺសុទ្ធសឹងតែជាព័ត៌មានមិនពិតទាំងស្រុង។
យ៉ាងណាមិញ នៅក្នុងសារបង្ហោះលើបណ្តាញសង្គមនោះ បាននិយាយថា ៖”សង្រ្គាមពាណិជ្ជកម្មនេះត្រូវបានផ្តួចផ្តើមដោយសហរដ្ឋអាមេរិក។ ប្រសិនបើសហរដ្ឋអាមេរិកពិតជាចង់ដោះស្រាយបញ្ហាតាមរយៈការសន្ទនាជាដំបូង ត្រូវតែកែកំហុសរបស់ខ្លួន បញ្ឈប់ការគំរាមកំហែង និងដាក់សម្ពាធអ្នកដទៃ និងលុបបំបាត់ទាំងស្រុងនូវរាល់វិធានការពន្ធដោយឯកតោភាគីប្រឆាំងនឹងប្រទេសចិន” ។
មិនតែប៉ុណ្ណោះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក He Yadong ក៏ធ្លាប់បានធ្វើសេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះផងដែរ ដោយអះអាងថា “អ្នកណាដែលចងចំណងត្រូវតែអ្នកស្រាយវាចេញវិញ”។ ស្របពេលអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun ក៏បាននិយាយផងដែរថា ព័ត៌មានអំពីការចរចាររវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន “គឺសុទ្ធតែមិនពិតទាំងអស់”។
ជម្រាបជូនថា សហរដ្ឋអាមេរិកកំពុងដាក់ពន្ធអប្បបរមា ១៤៥% លើទំនិញចិនទាំងអស់ ដោយផលិតផលខ្លះ ប្រឈមនឹងការជាប់ពន្ធរហូតដល់ ២៤៥%។ ប្រទេសចិន បានប្តេជ្ញាថានឹង “តស៊ូដល់ទីបញ្ចប់” និងបានឆ្លើយតបវិញជាមួយនឹងការពន្ធ ១២៥% លើទំនិញរបស់សហរដ្ឋអាមេរិកវិញ ផងដែរ៕