លោក ត្រាំ ថា ពូទីន ហាក់ដូចជាគ្មានចិត្តចង់បញ្ឈប់សង្គ្រាមនោះឡើយ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានបង្ហាញការរិះគន់ធ្ងន់ៗចំពោះរុស្ស៊ី ជុំវិញការវាយប្រហារជាបន្តបន្ទាប់ក្នុងរយ:ពេលប៉ុន្មានថ្ងៃៗនេះ ដោយបានលើកឡើងថា​ លោក វ៉្លាឌីមៀ ពូទីន ប្រហែលជាមិនចង់បញ្ចប់ជម្លោះជាមួយអ៊ុយក្រែននោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងការបង្ហោះសារមួយនៅលើបណ្តាញសង្គម Truth បន្ទាប់ពីមានការជួបពិភាក្សាគ្នា កាលពីថ្ងៃទី២៦ ខែមេសា ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ក្នុងអំឡុងចូលរួមពិធីបុណ្យសពរបស់សម្តេច Pope Francis នៅបុរី Vatican ប្រធានាធិបតីអាមេរិក លោក ត្រាំ បាននិយាយថា ៖”ប្រហែលជាយើងត្រូវប្រព្រឹត្តចំពោះប្រទេសរុស្ស៊ីតាមរបៀបផ្សេងទៀត ហើយអ្វីដែលអាចធ្វើបានគឺការដាក់ទណ្ឌកម្មលើប្រទេសនេះបន្ថែមទៀត”។

លោក ត្រាំ បានសរសេរទៀតថា ៖” វាគ្មានហេតុផលសម្រាប់លោក ពូទីន ក្នុងការបាញ់មីស៊ីល ទៅតាមទីក្រុង ទីប្រជុំជន និងតំបន់ស៊ីវិល ក្នុងប្រទេសអ៊ុយក្រែន ក្នុងរយ:ពេលប៉ុន្មានថ្ងៃកន្លងមកនេះនោះទេ។ វាធ្វើឲ្យខ្ញុំត្រូវគិតឡើងវិញថា ប្រហែលជាគាត់មិនចង់បញ្ឈប់ការប្រយុទ្ធគ្នានោះទេ ប៉ុន្តែគាត់កំពុងប្រើប្រាស់ខ្ញុំទៅវិញ។ មនុស្សច្រើនណាស់កំពុងស្លាប់ជាបន្តបន្ទាប់”។

យ៉ាងណាមិញ ជុំវិញសេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងដោយលោក ត្រាំ បន្ទាប់ពីមានកិច្ចប្រជុំរយៈពេល ១៥នាទី ជាមួយលោក Zelensky នៅបុរី Vatican មុនពេលពិធីបុណ្យសពរបស់សម្តេច Pope Francis ។ ភាគី​ទាំង​ពីរ​បាន​ពណ៌នា​ថាជំនួប​នេះ​មាន​ផលិតភាព និង​ស្ថាបនា ប៉ុន្តែ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិតបន្ថែមទៀតនោះ​ទេ។

ជម្រាបជូនថា នៅថ្ងៃដដែលនោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រធានាធិបតីលោក ពូទីណ បានរំលឹកឡើងវិញទៅកាន់លោក Stephen Witkoff បេសកជនពិសេសរបស់លោក ត្រាំ ថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការបន្តការចរចាជាមួយអ៊ុយក្រែន​ ដោយគ្មានលក្ខខណ្ឌជាមុន៕