លោក ត្រាំ ទទូចចង់ឲ្យនាវាអាមេរិកអាចឆ្លងកាត់ព្រែកជីក Panama និង Suez ដោយសេរី

អន្តរជាតិ

ប្រធានាធិបតីលោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានបង្ហាញពីគោលបំណងចង់ឲ្យនាវាអាមេរិកទាំងអស់ អាចធ្វើដំណើរបានដោយសេរីតាមរយ:ព្រែកជីក Panama និង​ Suez ខណ:លោកថែមទាំងបានចាត់ឲ្យរដ្ឋមន្ត្រីការបរទេស លោក Marco Rubio ធ្វើការដោះស្រាយលើបញ្ហានេះឲ្យបានឆាប់រហ័ស ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយ:សារបង្ហោះមួយលើបណ្តាញសង្គម Truth Social កាលពីថ្ងៃទី២៦ ខែមេសា លោក ត្រាំ បានសរសេរថា ៖” នាវារបស់អាមេរិកទាំងយោធា និងនាវាដឹកទំនិញ គួរតែត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ព្រែកជីក Panama និង Suez បានដោយឥតគិតថ្លៃ។ បើគ្មានសហរដ្ឋអាមេរិកទេ ព្រែកជីកទាំងនោះក៏នឹងមិនមាននោះឡើយ”។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទាំងមន្ត្រី​ប៉ាណាម៉ា និង​អេហ្ស៊ីប ហាក់នៅ​មិនទាន់​បាន​ធ្វើ​អត្ថាធិប្បាយ​ណាមួយលើ​ព័ត៌មាន​នេះ​នៅឡើយនោះទេ។

គួរឲ្យដឹងថា ប្រឡាយប៉ាណាម៉ា មានប្រវែងសរុបជាង ៨០គីឡូម៉ែត្រ ដែលជាផ្លូវទឹកដ៏សំខាន់តភ្ជាប់រវាងមហាសមុទ្រប៉ាស៊ីហ្វិក ជាមួយមហាសមុទ្រអាត្លង់ទិក ដែលបានជួយកាត់បន្ថយរយ:ពេលនៃការធ្វើដំណើររវាងតំបន់ទាំងពីរបានយ៉ាងច្រើន។ ប្រហែល ៥% នៃចរាចរណ៍ផ្លូវសមុទ្រពិភពលោក គឺត្រូវបានឆ្លងកាត់ព្រែកជីកប៉ាណាម៉ា ជារៀងរាល់ឆ្នាំ។

ព្រែកជីកប៉ាណាម៉ា គឺជាផ្លូវទឹកដ៏សំខាន់មួយសម្រាប់នាវាកងទ័ពជើងទឹកអាមេរិក នាវាផ្លូវការ និងនាវាដឹកទំនិញជាច្រើនផ្សេងទៀត។ ៤០% នៃចរាចរណ៍កុងតឺន័ររបស់សហរដ្ឋអាមេរិក គឺត្រូវបានឆ្លងកាត់ព្រែកជីកនេះ។ កន្លងមក ប្រធានាធិបតីលោក​ ត្រាំ ក៏ធ្លាប់បានព្រមានថា លោកនឹងយកព្រែកជីកប៉ាណាម៉ាមកគ្រប់គ្រងវិញផងដែរ។

យ៉ាងណាមិញ ចំពោះព្រែកជីកស៊ុយអេ ដែលមានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ គឺជាផ្លូវដឹកជញ្ជូនខ្លីបំផុតរវាងទ្វីបអឺរ៉ុប និងអាស៊ី។ វាភ្ជាប់ពីទីក្រុង Suez របស់អេហ្ស៊ីបដែលនៅ​សមុទ្រ​ក្រហម ទៅកាន់ Port Said ដែលស្ថិតនៅលើ​សមុទ្រ​មេឌីទែរ៉ាណេ។ ប្រហែល ១០% នៃពាណិជ្ជកម្មពិភពលោកគឺត្រូវឆ្លងកាត់ព្រែកជីកស៊ុយអេនេះ៕