ក្រុមហ៊ុន Nissan Motor កាលពីពេលថ្មីៗនេះ បានបង្ហាញពីបំណងក្នុងការបញ្ចប់ការផលិតរថយន្ត នៅរោងចក្រស្ថិតនៅក្នុងខេត្ត Wuhan របស់ខ្លួន នៅក្នុងប្រទេសចិន នៅត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ជាមួយគ្នានេះ បើតាមរបាយការណ៍ក្នុងស្រុក Yomiuri បានរាយការណ៍ថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីអត្រាប្រតិបត្តិការនៅក្នុងរោងចក្រផលិតរថយន្តអគ្គិសនី Ariya និង X-Trail SUV នេះ បានធ្លាក់ចុះយ៉ាងខ្លាំង ចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីសំណាក់ក្រុមហ៊ុនផលិតរថយន្តចិន។
ប្រភពមួយដែលដឹងពីបញ្ហានេះ បានបង្ហាញឲ្យដឹងទៀតថា ផលិតកម្មប្រចាំឆ្នាំនៅរោងចក្រ Wuhan ដែលក្រុមហ៊ុន Nissan ជួយបន្តពីក្រុមហ៊ុនចិន Dongfeng Motor បានសម្រេចការផលិតរថយន្តនៅក្នុងចំនួនបានតែប្រហែល ១០ ០០០ គ្រឿងប៉ុណ្ណោះ ពោលគឺចាប់តាំងពីប្រតិបត្តិការបានចាប់ផ្តើមក្នុងឆ្នាំ២០២២ មក។
ជម្រាបជូនផងដែរថា ក្រុមហ៊ុនផលិតរថយន្តជប៉ុន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បានព្យាករពីការខាតបង់សរុបរបស់ខ្លួនមានចំនួនចន្លោះពី ៧០០ពាន់លានយ៉េន ទៅ ៧៥០ពាន់លានយ៉េន (៤,៨៧ពាន់លានដុល្លារ ទៅ ៥,២២ពាន់លានដុល្លារ) ដោយសារតែការថយចុះនៃតម្លៃលក់ សម្រាប់ឆ្នាំហិរញ្ញវត្ថុដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែមីនា៕