យោងតាមសារព័ត៌មាន Financial Times បានរាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក Apple គ្រោងនឹងរើទីតាំងរោងចក្រដំឡើងទូរស័ព្ទ iPhone របស់ខ្លួនទាំងអស់ដែលផ្គត់ផ្គង់សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ចេញពីប្រទេសចិន ទៅកាន់ប្រទេសឥណ្ឌាវិញ នៅដើមឆ្នាំក្រោយ ដើម្បីចៀសវាងការជាប់ពន្ធគយខ្ពស់។
សង្គ្រាមពាណិជ្ជកម្មរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហាក់កំពុងជំរុញឲ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ព្យាយាមធ្វើចម្រុះកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន។ ក្នុងនោះដែរ ក្រុមហ៊ុន Apple កំពុងដាក់ទីតាំងឲ្យប្រទេសឥណ្ឌា ដើរតួនាទីយ៉ាងសំខាន់ ក្នុងយុទ្ធសាស្រ្តផលិតរបស់ខ្លួន បើទោះបីជាបច្ចុប្បន្ន ក្រុមហ៊ុនដៃគូផ្គត់ផ្គង់របស់ខ្លួននៅក្នុងប្រទេសនោះ អាចផលិតបានតែត្រឹមមួយចំណែកតូចមួយនៃ iPhone ដែលត្រូវបានដាក់លក់នៅទូទាំងពិភពលោកក៏ដោយ។
យ៉ាងណាមិញ បើតាមក្រុមអ្នកវិភាគធ្លាប់បានព្រមានថា ទំនិញប្រើប្រាស់ដូចជា iPhones អាចស្ថិតក្នុងចំណោមផលិតផល ដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយសារពន្ធដ៏ទូលំទូលាយរបស់លោក ត្រាំ។ ពួកគេថែមទាំងបាននិយាយទៀតថាតម្លៃ iPhone ដែលដាក់លក់នៅសហរដ្ឋអាមេរិក អាចនឹងកើនឡើងយ៉ាងខ្លាំងដោយសារតែការពឹងផ្អែកយ៉ាងខ្លាំងរបស់ Apple លើការនាំចូលពីប្រទេសចិន។
គួរឲ្យដឹងផងដែរថា Apple អាចលក់ iPhone បានច្រើនជាង ២២០ លានគ្រឿងក្នុងមួយឆ្នាំ នៅទូទាំងពិភពលោក។ ហើយបើតាមរបាយការណ៍ពី Counterpoint Research បានប៉ាន់ប្រមាណថា មួយភាគប្រាំនៃការនាំចូល iPhone សរុបទៅកាន់សហរដ្ឋអាមេរិក គឺបានមកពីប្រទេសឥណ្ឌា និងនៅសេសសល់មកពីប្រទេសចិន។
ជម្រាបជូនថា បច្ចុប្បន្នក្រុមហ៊ុន Foxconn និង Tata ដែលជាអ្នកផ្គត់ផ្គង់ដ៏សំខាន់របស់ Apple នៅក្នុងប្រទេសឥណ្ឌា បានដំណើរការរោងចក្រចំនួនបីហើយ ស្របពេលរោងចក្រថ្មីៗពីរបន្ថែមទៀតកំពុងសាងសង់។ នៅក្នុងខែមីនា ក្រុមហ៊ុន Foxconn និង Tata បានដឹកជញ្ជូនទូរស័ព្ទ iPhone មានតម្លៃសរុបជិត ២ពាន់លានដុល្លារ ពីប្រទេសឥណ្ឌាទៅកាន់សហរដ្ឋអាមេរិក ដែលជាកំណត់ត្រាខ្ពស់មួយបំផុត៕