យោងតាមក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានបង្ហាញពីផែនការក្នុងការចាក់បញ្ចូលទឹកប្រាក់ជាង ៥០០ពាន់លានបាត (១៥ពាន់លានដុល្លារ) ចូលទៅក្នុងសេដ្ឋកិច្ចជាតិ ដើម្បីជំរុញកំណើន GDP របស់ប្រទេសឲ្យបានលើសពី ១,៨% ជាមួយនឹងការផ្តោតលើការជំរុញការប្រើប្រាស់ ការវិនិយោគ និងការផ្តល់ប្រាក់កម្ចីគ្មានការប្រាក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
ជុំវិញផែនការថ្មីចុងក្រោយនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានកែប្រែការព្យាករកំណើន GDP របស់ប្រទេសថៃ សម្រាប់ឆ្នាំ២០២៥ នេះ ដោយធ្លាក់ចុះពី ២,៩% មកនៅត្រឹម ១,៨% ដោយបានលើកឡើងពីផលប៉ះពាល់នៃផែនការពន្ធគយរបស់សហរដ្ឋអាមេរិក។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Pichai Chunhavajira បាននិយាយថា លោកចាត់ទុកការព្យាកររបស់ IMF ថាជាការវាយតម្លៃបឋមប៉ុណ្ណោះ។ លោកបានទទួលស្គាល់ថា គោលនយោបាយពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចមានផលប៉ះពាល់ខ្លះៗ ប៉ុន្តែលោកបានបញ្ជាក់យ៉ាងច្បាស់វិញថា រដ្ឋាភិបាល កំពុងតាមដានការអភិវឌ្ឍន៍យ៉ាងដិតដល់ និងត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តវិធានការជំរុញសេដ្ឋកិច្ច ដើម្បីទប់ស្កាត់ការធ្លាក់ចុះនៃតម្លៃ GDP និងរក្សាកំណើនសេដ្ឋកិច្ចឲ្យស្ថិតនៅកម្រិតកាលពីមុន។
ទន្ទឹមនឹងនេះ លោក Lavaron Sangsnit លេខាធិការអចិន្ត្រៃយ៍នៃក្រសួងហិរញ្ញវត្ថុ បានអះអាងថា ជំហរសារពើពន្ធរបស់ប្រទេសថៃ នៅតែមានភាពរឹងមាំ។ លោកបានសង្កត់ធ្ងន់ទៀតថា កញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចចំនួន ៥០០ពាន់លានបាតនេះ ត្រូវតែដាក់ឲ្យប្រើប្រាស់ជាយុទ្ធសាស្រ្ត ដោយកត់សម្គាល់ឃើញថា ការជំរុញការប្រើប្រាស់ក្នុងស្រុក អាចផ្តល់ផលចំណេញសេដ្ឋកិច្ចបានយ៉ាងឆាប់រហ័ស។ លោក Lavaron បានបន្ថែមទៀតថា ការវិនិយោគ គឺមានសារៈសំខាន់ស្មើគ្នាក្នុងការគាំទ្រដល់កំណែទម្រង់សេដ្ឋកិច្ចតាមរចនាសម្ព័ន្ធ៕
ទោះជាយ៉ាងណាក៏ដោយ លោក Lavaron បាននិយាយថា ការសម្រេចចិត្តចុងក្រោយលើប្រភពមូលនិធិខាងលើនេះ នៅមិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ ខណ:ជម្រើសបច្ចុប្បន្នរួមមាន ការបែងចែកថវិកា ការប្រើប្រាស់កញ្ចប់ទឹកប្រាក់ចំនួន ១៥០ពាន់លានបាតដែលនៅសេសសល់ពីកិច្ចខិតខំប្រឹងប្រែងជំរុញសេដ្ឋកិច្ចពីមុន និងការកៀងគរមូលនិធិពីស្ថាប័នហិរញ្ញវត្ថុរដ្ឋ សម្រាប់គោលបំណងផ្តល់ប្រាក់កម្ចី។ ប៉ុន្តែព័ត៌មានលម្អិតជុំវិញផែនការដែលបានស្នើឡើងនេះ អាចនឹងត្រូវប្រកាសឲ្យដឹងកាន់តែច្បាស់នៅខែក្រោយ ដោយរង់ចាំមើលការវិវឌ្ឍន៍សេដ្ឋកិច្ចសកលបន្ថែមទៀត ជាមុនសិន៕