នៅក្នុងការបង្ហាញខ្លួនជាលើកដំបូង នៅឯកម្មវិធីពិព័ណ៍រថយន្ត Shanghai Auto Show ២០២៥ ក្នុងប្រទេសចិន កាលពីពេលថ្មីៗនេះ រថយន្ត Mazda EZ-60 ដែលជាប្រភេទ midsize electric SUV ហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែន បន្ទាប់ពីទទួលបានការកក់ទុកមុនរហូតដល់ទៅ ១០ ០៦០ គ្រឿងឯណោះ ក្នុងរយ:ពេលត្រឹមតែ ៤៨ម៉ោង។
Mazda EZ-60 គឺជារថយន្តដែលត្រូវបានផលិតឡើងរួមគ្នា ដោយក្រុមហ៊ុនខាតយក្សជប៉ុន Mazda និងក្រុមហ៊ុនចិន Changan ដោយប្រើប្រាស់នូវតួខ្លួន EPA Platform របស់ Changan ផ្ទាល់ ជាមួយនឹងការផ្តល់មកនូវជម្រើសពីប្រភេទ គឺប្រភេទអគ្គិសនីសុទ្ធ សាកម្តងអាចជិះបានចម្ងាយដល់ទៅ ៦០០ គីឡូម៉ែត្រ និងប្រភេទអគ្គិសនីលាយសាំង អាចបើកបរបានចម្ងាយឆ្ងាយបំផុតដល់ ១ ៣០០ គីឡូម៉ែត្រ។
ចំពោះផ្នែកខាងក្រៅ រថយន្ត Mazda EZ-60 មានបណ្តោយខ្លួន ៤ ៨៥០mm ទទឹង ១ ៩៣៥ mm និងកម្ពស់ ១ ៦២០ mm ជាមួយនិងគម្លាតពីកង់មុខទៅកង់ក្រោយ ២ ៩០២mm ដោយមានឡូហ្គោ LED Mazda ថ្មីនៅចំកណ្តាល កញ្ចក់ចំហៀងប្រើជាប្រភេទកាមេរ៉ាឌីជីថល ព្រមទាំងថាលកង់ស្ព័រទំហំ ២១អ៊ីញ រួមទាំងចង្កៀងក្រោយឌីហ្សាញជាប្រភេទ LED ផងដែរ។
សម្រាប់ផ្នែកខាងក្នុងរថយន្តវិញ ត្រូវបានឌីស្សាញឡើងតាមបែប versatility in mind ដោយបំពាក់មកជាអេក្រង់ទំហំ ២៦,៤អ៊ីញ 5K ultra-wide សម្រាប់បញ្ជាមុខងារទូទៅនៅក្នុងរថយន្ត និងថែមទាំងបានរួមបញ្ចូលនូវប៊ូតុងបញ្ជាផ្សេងៗ រួមទាំងប្រព័ន្ធព័ត៌មាន និងការគ្រប់គ្រងអាកាសធាតុ ជាដើម។ ក្រៅពីនោះ ក៏មានបំពាក់មកជាមួយឧបករណ៍បំពងសំលេង Dolby Atmos ដល់ទៅ ២៣ គ្រាប់ កន្លែងសាកថ្មឥតខ្សែ រួមទាំងមុខងារសំខាន់ៗជាច្រើនផ្សេងទៀត។
ជម្រាបជូនផងដែរថា បើតាមការបញ្ចាក់ពី Mazda បានបង្ហាញឲ្យដឹងថារថយន្តស៊េរីថ្មី Mazda EZ-60 នេះ នឹងចេញត្រូវដាក់លក់នៅលើទីផ្សារសកលដោយប្រើប្រាស់ឈ្មោះ CX-6e វិញ ហើយចំពោះតម្លៃ និងពេលវេលានៃការដាក់ចេញលក់ផ្លូវការ ហាក់នៅមិនទាន់ត្រូវបានបង្ហាញឲ្យដឹងច្បាស់លាស់នៅឡើយនោះទេ៕