យោងតាមក្រសួងការបរទេសចិន បាននិយាយ នាពេលថ្មីៗនេះថា ប្រធានាធិបតីលោក ស៊ី ជិនពីង មិនបានពិភាក្សាតាមរយ:ទូរស័ព្ទអំពីបញ្ហាពន្ធគយ ជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នោះឡើយ និងថែមទាំងបានចេញមុខបដិសេធថាព័ត៌មានអំពីការពិភាក្សាដែលសេតវិមានបានលើកឡើងពីមុនៗ សុទ្ធតែជារឿងមិនពិត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី២៨ ខែមេសកន្លងទៅថា៖” តាមអ្វីដែលខ្ញុំបានដឹង គឺថាគ្មានកិច្ចពិភាក្សាតាមទូរស័ព្ទណាមួយ នាពេលថ្មីៗនេះ រវាងប្រមុខរដ្ឋទាំងពីរនោះឡើយ”។
យ៉ាងណាមិញ ជុំវិញសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីចុងសប្តាហ៍មុនថា លោក ស៊ី បានទូរស័ព្ទមកកាន់លោក ខណ:ពេលដែលប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតទីពីររបស់ពិភពលោកនេះ នៅតែបន្តជាប់គាំងក្នុងការប្រឈមមុខទៅនឹងបញ្ហាពន្ធគយ។
ទន្ទឹមនឹងនេះ លោក ត្រាំ បាននិយាយដោយសំដៅទៅលើប្រធានាធិបតីចិន លោក ស៊ី នៅក្នុងបទសម្ភាសមួយដែលបានចេញផ្សាយនៅថ្ងៃទី២៥ ខែមេសាថា ៖”គាត់បានទូរស័ព្ទមក ហើយខ្ញុំមិនគិតថានោះជាសញ្ញានៃភាពទន់ខ្សោយនោះទេ”។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យោងតាមព័ត៌មានដែលបានផ្សព្វផ្សាយជាសាធារណៈដោយរដ្ឋាភិបាលទាំងពីរ បានបង្ហាញឲ្យដឹងថា ពេលវេលាចុងក្រោយដែលមេដឹកនាំប្រទេសមហាសេដ្ឋកិច្ចទាំងពីរ បាននិយាយគ្នាតាមទូរស័ព្ទ គឺតាំងតែពីថ្ងៃទី១៧ ខែមករា មកម្លេះ ពោលគឺត្រឹមតែពីរបីថ្ងៃ មុនការចូលកាន់តំណែងជាលើកទីពីរក្នុងនាមជាប្រធានាធិបតីអាមេរិក របស់លោក ត្រាំ ។
ជម្រាបជូនផងដែរថា លោក ត្រាំ បាននិយាយម្តងហើយម្តងទៀតចាប់តាំងពីសប្តាហ៍មុនថារដ្ឋបាលអាមេរិក កំពុងស្ថិតនៅក្នុងកិច្ចចរចាជាមួយមន្ត្រីចិនដើម្បីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ប៉ុន្តែទោះជាយ៉ាងណារដ្ឋាភិបាលទីក្រុងប៉េកាំង បានបដិសេធទាំងស្រុង និងថែមទាំងបានអំពាវនាវដល់សហរដ្ឋអាមេរិកកុំព្យាយាមបំភាន់សាធារណជន អំពីការចរចាពាណិជ្ជកម្មរវាងភាគីទាំងពីរឡើយ៕