យោងតាមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក Airlangga Hartarto បាននិយាយកាលពីថ្ងៃទី២៨ ខែមេសាថា ក្រុមហ៊ុនធំៗរបស់កូរ៉េខាងត្បូង នឹងបង្កើនការវិនិយោគរបស់ពួកគេ នៅប្រទេសឥណ្ឌូណេស៊ី ដល់ចំនួនទឹកប្រាក់ ១,៧ពាន់លានដុល្លារបន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ការកើនឡើងនៃការវិនិយោគដែលត្រូវបានគ្រោងទុកចុងក្រោយនេះ គឺស្មើនឹងជាង ១០% នៃគម្រោងតម្លៃសរុប ១៥,៤ពាន់លានដុល្លារ ដែលក្រុមហ៊ុនធំៗរបស់កូរ៉េខាងត្បូទាំងនោះ បានបោះទុនវិនិយោគនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតរបស់អាស៊ីអាគ្នេយ៍មួយនេះ រួចរាល់ហើយ។ នេះបើតាមការអះអាងពីលោក Airlangga ។
ទន្ទឹមនឹងនេះ ការិយាល័យរបស់ប្រធានាធិបតី លោក Prabowo Subianto បាននិយាយថា មេដឹកនាំឥណ្ឌូណេស៊ី បានជួបជាមួយតំណាងក្រុមហ៊ុនកូរ៉េខាងត្បូងជាង ១១ ដែលបានមកបណ្តាក់ទុននៅក្នុងប្រទេសឥណ្ឌូណេស៊ី រួមទាំងក្រុមហ៊ុនវិនិយោគ Lotte Corporation ក្រុមហ៊ុនដែកថែប POSCO Holdings ក្រុមហ៊ុនផលិតកញ្ចក់ KCC Glass Corporation និង Hyundai Motor Group ផងដែរ។
យ៉ាងណាមិញ លោក Airlangga បាននិយាយទៀតថា POSCO និង KCC Glass គឺស្ថិតនៅក្នុងចំណៅមក្រុមហ៊ុនដែលគ្រោងនឹងមានការបោះទុនវិនិយោគថ្មី ប៉ុន្តែមិនបានផ្តល់នូវព័ត៌មានលម្អិតបន្ថែមនោះទេ។ ហើយជាមួយគ្នានេះ រោងចក្រគីមីឥន្ធនៈខ្នាតយក្សតម្លៃប្រមាណ ៣,៩ពាន់លានដុល្លាររបស់ក្រុមហ៊ុន Lotte Chemical Corp នៅក្នុងប្រទេសឥណ្ឌូណេស៊ី ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមដំណើរការ នៅខែកញ្ញា ឬខែតុលា ឆ្នាំនេះ ផងដែរ។
មិនតែប៉ុណ្ណោះ លោក Airlangga បានបន្ថែមទៀតថា រដ្ឋាភិបាលឥណ្ឌូណេស៊ី ក៏កំពុងស្ថិតនៅក្នុងការពិភាក្សាជាមួយក្រុមហ៊ុនសាជីវកម្ម Poongsan របស់កូរ៉េខាងត្បូង ដើម្បីទិញគ្រាប់រំសេវ ផងដែរ៕