យោងថា្នក់ដឹកនាំជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មហ្វីលីពីន បានបង្ហាញឲ្យដឹងថា ប្រទេសរបស់ខ្លួននឹងព្យាយាមទម្លាក់អត្រាពន្ធគយរបស់អាមេរិក មកនៅត្រឹម ០% ពីអត្រា ១៧% ដែលប្រកាសដាក់ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងអំឡុងពេលពិភាក្សាជាមួយមន្ត្រីកំពូល នៅទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។
លោកស្រី Cristina Roque លេខាធិការពាណិជ្ជកម្មហ្វីលីពីន បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា ៖”ការរំពឹងទុក គឺយើងសង្ឃឹមថានឹងទទួលបានអ្វីដែលល្អបំផុតសម្រាប់យើង ហើយគោលបំណងធំរបស់យើងគឺពិតអាចកាត់បន្ថយពន្ធឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីផ្តល់ជាផលប្រយោជន៍សម្រាប់ពាណិជ្ជកម្ម” ។
គួរឲ្យដឹងថា លោកស្រី Roque គ្រោងនឹងជួបជាមួយមន្ត្រីជាន់ខ្ពស់ និងមន្ត្រីពាណិជ្ជកម្មអាមេរិក នៅទឹកដីសហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះ។ កន្លងមកហ្វីលីពីន បានផ្តល់ការទិញផលិតផលកសិកម្មបន្ថែមទៀតពីសហរដ្ឋអាមេរិក នៅមុនមានកិច្ចចរចាដែលស្រដៀងគ្នានឹងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតដែរ។
ខណៈពេលដែលការយកពន្ធរបស់អាមេរិកលើទំនិញហ្វីលីពីន ហាក់មានកម្រិតទាបជាងច្រើន បើប្រៀបធៀបជាមួយប្រទេសជិតខាងអាស៊ានផ្សេងទៀត ដូចជា ប្រទេសថៃ ជាប់ពន្ធ ៣៦% និង វៀតណាម ជាប់ពន្ធដល់ ៤៦% នោះ រដ្ឋាភិបាលទីក្រុងម៉ានីល កំពុងបង្ហាញក្តីសង្ឃឹមថានឹងអាចទទួលបានកិច្ចព្រមព្រៀងប្រសើរជាងមុន ជាមួយសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តដ៏យូរអង្វែងបំផុតមួយរបស់ខ្លួន សម្រាប់រយ: ៩០ថ្ងៃដែលលោក ត្រាំ បានផ្អាកការអនុវត្តពន្ធគយ។
លោកស្រី Roque បាននិយាយទៀតថា ប្រទេសហ្វីលីពីន គ្រោងនឹងជំរុញការនាំចូលទំនិញកសិកម្មរបស់សហរដ្ឋអាមេរិក រួមទាំងសណ្តែកសៀង និងសាច់បង្កក ដើម្បីទទួលបានអត្រាពន្ធទាបជាងមុន។ ហើយជាមួយគ្នានេះ រដ្ឋាភិបាលក៏កំពុងសម្លឹងមើលការនាំចេញផលិតផលបន្ទះឈីប semiconductors រួមទាំងដូង និងផ្លែស្វាយបន្ថែមទៀត ទៅកាន់សហរដ្ឋអាមេរិកវិញ ផងដែរ។
ជម្រាបជូនថា ពាណិជ្ជកម្មអាមេរិកជាមួយហ្វីលីពីនមានចំនួនសរុបប្រហែល ២៣,៥ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ដោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានកត់ត្រាឱនភាពចំនួន ៤,៩ពាន់លានដុល្លារជាមួយទីក្រុងម៉ានីល ពោលគឺខុសគ្នាច្រើន បើធៀបនឹងឱនភាពចំនួន ៤៥,៦ពាន់លានដុល្លារជាមួយប្រទេសថៃ និង ១២៣,៥ពាន់លានដុល្លារ ជាមួយវៀតណាម។នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក៕