រដ្ឋាភិបាលរបស់ចិន នៅថ្ងៃទី២៩ ខែមេសានេះ បានធ្វើការស្តីបន្ទោសលើវិធានការពន្ធគយរបស់សហរដ្ឋអាមេរិក ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ក្នុងការបញ្ឈប់ការទទួលយកយន្តហោះថ្មីៗ ពីក្រុមហ៊ុនផលិតរថយន្តខ្នាតយក្ស Boeing និងថែមទាំងបាននិយាយទៀតថា វិធានការពន្ធគយនេះ បានរំខានដល់ទីផ្សារដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
ក្រសួងពាណិជ្ជកម្មរបស់ចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការអនុវត្តវិធានការពន្ធគយរបស់សហរដ្ឋអាមេរិក បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល ផងដែរ”។
មិនតែប៉ុណ្ណោះ អ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្មចិនម្នាក់ បាននិយាយថា ៖” ក្រុមហ៊ុនអាកាសចរណ៍ចិនដែលពាក់ព័ន្ធ រួមជាមួយក្រុមហ៊ុនផលិតយន្តហោះ Boeing នៅសហរដ្ឋអាមេរិកផងនោះ កំពុងទទួលរងផលប៉ះពាល់យ៉ាងខ្លាំង”។
គួរឲ្យដឹងថា ពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក កើនឡើងដល់ ១៤៥% លើផលិតផលចិនជាច្រើន ខណ:ពេលដែលទីក្រុងប៉េកាំង ក៏បានធ្វើការឆ្លើយតបវិញ ជាមួយនឹងការពន្ធសងសឹក ១២៥% លើការនាំចូលពីសហរដ្ឋអាមេរិក ផងដែរ។
ជុំវិញវិធានការពន្ធដ៏ច្រើននេះ នាយកប្រតិបត្តិក្រុមហ៊ុន Boeing បានបញ្ជាក់កាលពីសប្តាហ៍មុនថា ប្រទេសចិន បានឈប់ទទួលយកយន្តហោះថ្មីៗរបស់ខ្លួន ដែលពួកគេបានកក់ទុក ដោយសារតែសង្គ្រាមពាណិជ្ជកម្មដ៏ធំនេះ។
នៅក្នុងបទសម្ភាសជាមួយ CNBC លោក Kelly Ortberg នាយកប្រតិបត្តិក្រុមហ៊ុន Boeing បាននិយាយថា អតិថិជនចិនបាន បញ្ឈប់ការដឹកជញ្ជូនយន្តហោះថ្មីៗដោយសារតែបរិយាកាសពន្ធ។ លោកបន្ថែមទៀតថា ប្រសិនបើការផ្អាកនេះនៅតែបន្ត នោះក្រុមហ៊ុនរបស់ខ្លួន នឹងសម្រេចចិត្តលក់យន្តហោះទៅឲ្យក្រុមហ៊ុនដឹកអាកាសចរណ៍ផ្សេងទៀត៕